តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងតំបន់នេះនិយាយថា បញ្ហារណ្តៅរ៉ែមាសខុសច្បាប់នៅខេត្តមណ្ឌលគីរី នៅតែជា ចំណុចព្រួយបារម្ភដដែលគ្រា ដែលចំណុចរសើបនេះ គេសង្ស័យថា មកពីមានការបិទបាំងរបស់ខេត្ត និងជំនាញទើបដំណើរការ បានយ៉ាងរលូនបែបនេះ ។ ប្រភពព័ត៌មានបន្តទៀតថា បើទោះបីច្បាប់បានអនុញ្ញាតដល់សហគមន៍ឃុំចុងផ្លាស់ អនុញ្ញាតឱ្យ ជីករណ្តៅពីមាត់ដីទៅក្រោមតែត្រឹម ២០ម៉ែត្រប៉ុណ្ណោះ តែផ្ទុយទៅវិញរណ្តៅរ៉ែមាសជាច្រើនត្រូវបានគេជីក ខួង ប្រើប្រាស់ គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែមានជម្រៅជ្រៅៗរាប់រយម៉ែត្រ ស្ទើររញ្ជួយព្រះធរណីទីតាំងរណ្តៅរ៉ែមួយចំនួននៅក្នុងទីធ្លាវត្តក៏មាន អាចប្រឈមទៅរកការបាក់ស្រុតទីវត្តអារាមទៀតផង តែខាងអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៅខេត្តនេះ នៅតែមើលរំលង បញ្ហាដ៏រសើបនេះ ។ ហើយករណីនេះសង្ស័យថា មានមន្ត្រីក្នុងអង្គភាពមានសមត្ថកិច្ចមួយចំនួនក្នុងខេត្តនេះ រួមនឹងថ្នាក់ដឹកនាំកំពូលខេត្តនេះមានការពាក់ព័ន្ធជាមួយរណ្តៅរ៉ែនេះ ទើបបានជាគ្មានចំណាត់ការបែបនេះ ។
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា បច្ចុប្បន្នរណ្តៅរ៉ែមាសខុសច្បាប់បាននឹងកំពុងកើតមានព្រោងព្រាតនៅចំណុចអូរ ខ្វាវ ក្នុងទឹកដីស្រុកកែវសីមា យ៉ាងអនាធិបតេយ្យ ប្រើប្រាស់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែ និងមានការប្រើប្រាស់សារធាតុគីមី សម្រាប់បំប្លែងយកមាស ដែលសារធាតុនេះវាអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ ព្រៃឈើ…។ ល។
ប្រជាពលរដ្ឋរស់នៅរាល់ថ្ងៃពួកគាត់បានសម្តែងនៅការព្រួយបារម្ភអំពីស្នូរបំផ្ទុះគ្រាប់រំសេវសម្រាប់បំបែកផ្ទាំងរ៉ែរង្គើ ព្រះធរណីគ្មានខ្លាចញញើតច្បាប់ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រភពបន្តទៀតថា ម្ចាស់រណ្តៅដែលមានជម្រៅជ្រៅ នៅតំបន់នោះ មានឈ្មោះ លាត គឹមលុន តួនាទីជាមេឃុំចុងផ្លាស់, លោក តែ គឹមសាន, លោក លឹម ជាប្រធានសហគមន៍, លោកឌី និងមានរណ្តៅមាសរបស់អ្នកធំកំពូលនៅខេត្តនេះភាគហ៊ុនជាមួយមន្ត្រីជាមេអង្គភាពមានសមត្ថកិច្ចមួយចំនួនទៀត ផងដែរ ។
មន្ត្រីសាលាខេត្តមណ្ឌលគីរី សូមមិនបញ្ចោញឈ្មោះបានបង្ហើបប្រាប់ថា ករណីរ៉ែមាសនៅឃុំចុងផ្លាស់ ជាញឹកញាប់គេ តែងតែឃើញវត្តមានរបស់លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគីរី ព្រមទាំងមន្ត្រីជំនាញខាងមន្ទីររ៉ែ និងថាមពលខេត្ត នេះអញ្ជើញចុះទៅទីតាំងតែពេលត្រឡប់មកវិញស្ងាត់សូន្យ ។
រីឯលោកស្រី ស៊ី សុគន្ធារី អភិបាលរងខេត្តមណ្ឌលគីរីទទូលបន្ទុក រ៉ែថាមពលនៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា គាត់មិនហ៊ានផ្តល់ព័ត៌មានបានទេ ព្រោះរឿងនេះលោកស្រីធ្លាប់បានផ្តល់បទសម្ភាសន៍ ពីបញ្ហារ៉ែនេះម្តងរួចមកហើយ ។
ទាក់ទងករណីខាងលើនេះ លោក តែ គឹមសាន ជាម្ចាស់រណ្តៅរ៉ែបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ចំពោះជនជាតិ ចិន និងវៀតណាមមានពិតប្រាកដមែនតែពួកគេមកធ្វើជាកម្មករជំនាញ រីឯខាងគ្រឿងបំផ្ទុះលោកមិនបានបរិយាយឡើយ ។
លោក លាត លឹមគុន មេឃុំនៅទីនោះកំពុងធ្វើអាជីវកម្មផងដែរនោះ និងលោក អ៊ុន ឈានលឹម ប្រធានសហគមន៍រ៉ែមាសឃុំចុងផ្លាស់ មិនអាចសុំការបំភ្លឺបានទេថ្ងៃនេះ ។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលបានបញ្ជាក់ថា ករណីនេះលោកក៏មានការសង្ស័យថា អាចថៅកែ រណ្តៅទាំងនោះ ធ្វើអ្វាជីវកម្មខុសទៅនឹងច្បាប់តែលោកបានបញ្ជាក់ថា គ្មាននរណាម្នាក់ហ៊ានចុះវាស់វែងនៅក្នុង រណ្តៅនោះទេ ។ លោកបានបញ្ជាក់ចុងក្រោយថា បើសិនខាងមន្ត្រីជំនាញរបស់លោកធ្វើការស្រាវជ្រាវរកឃើញថា មានការ ធ្វើអាជីវកម្មខុសទៅនឹងច្បាប់អនុញ្ញាតលោកផ្ទាល់អាចធ្វើការលុបច្បាប់នេះចោល ។ លោកបានបន្តថា នៅពេលខាងមុខឆាប់ៗនេះ ក្រុមគណៈកម្មការចម្រុះ និងចុះទៅពិនិត្យទីតាំងនោះហើយ ។
សារព័ត៌មានយើងបានសុំទំនាក់ទំនងពីសំណាក់លោកអភិបាលខេត្ត អេង ប៊ុនហ៊ាង ព្រោះគ្មានលេខទូរស័ព្ទ ដើម្បីសុំការទំនាក់ទំនងបាននោះទេ ។ ទាក់ទងខាងមន្ត្រីយោធារងការចោទប្រកាន់រឿងរណ្តៅរ៉ែមាសគ្មានច្បាប់នៅចំណុច អូរខ្វាវនោះ លោក ម៉េង ស្រេង មេបញ្ជាការយោធាខេត្តលោកថា រាល់មន្ត្រីយោធាមួយចំនួនណានៅខេត្តនេះមានការពាក់ ព័ន្ធជាមួយបទល្មើសផ្សេងៗសូមធ្វើការបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់ ៕



