ប្រភពថ្មីៗនេះពីសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកសៀមប៉ាង បានឲ្យដឹងថា មានឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពប្រមូលទិញឈើ ដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង ចូលទៅខេត្តក្រចេះ និងខេត្តរតនគិរី យ៉ាងរលូន ។ ប្រភពបានឲ្យដឹងទៀតថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ព្រមទាំងលោក អន ចាន់សុជាតិ មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែកក្រើកឡើងវិញនោះទេ។ លើសនេះទៅទៀតលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ធខេត្តស្ទឹងត្រែង បណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងរាលដាលខ្លាំងក្លាលើសមុនទៅទៀត។
ប្រភពដដែលពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មានឈ្មួញ៣នាក់ គឺឈ្មួញឈ្មោះ លឹម កាំង ឈ្មួញឈ្មោះ ហេង និងឈ្មួញឈ្មោះ ណាក់ កំពុងធ្វើសកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាង ទាំងថ្ងៃទាំងយប់ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ លឹម កាំង ឈ្មួញឈ្មោះ ហេង និងឈ្មួញឈ្មោះ ណាក់ ហ៊ានបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងកំរោល គឺដោយសារមានឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងសៀមប៉ាង និងពីសំណាក់លោក អន ចាន់សុជាតិ មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងផងដែរ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាបន្ទាន់។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការដែលលោក អន ចាន់សុជាតិ មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ហ៊ានបើកដៃឲ្យឈ្មួញឈ្មោះ លឹម កាំង ឈ្មួញឈ្មោះ ហេង និងឈ្មួញឈ្មោះ ណាក់ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកសៀមប៉ាង យ៉ាងងងើល គឺដោយសារអាងមានលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសម្ងំស្ងាត់ឈឹងក្នុងខណៈដែលលោក អន ចាន់សុជាតិ ឃុបឃិតឲ្យឈ្មួញឈ្មោះ លឹម កាំង ឈ្មួញឈ្មោះ ហេង និងឈ្មួញឈ្មោះ ណាក់ ព្រមទាំងឈ្មួញច្រើននាក់ទៀតដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ។ ប្រភពខ្លះបានឲ្យដឹងថា លោក អន ចាន់សុជាតិ មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ជាប្រភពចំណូលដ៏ធំរបស់លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ហើយលោក កែវ អូម៉ាលីស្សជាអ្នកការពារលោក អន ចាន់សុជាតិ ដោយពីរិះគន់មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕




