(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញពិនិត្យការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្ត។
សមាសភាពអញ្ជើញចូលរួមមាន៖ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តកំពត។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានខិតខំក្នុងការបម្រើសេវារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របទៅតាមនីតិវិធីកំណត់ ទោះបីនៅមានបញ្ហាមួយចំនួនធ្វើឲ្យមានការកកស្ទះក៏ដោយ ហើយលោកក៏បានជំរុញដល់មន្ត្រីច្រកចេញចូលតែមួយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តការងារបម្រើផ្នែកសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សទាន់ចិត្ត និងមានជំនឿចិត្ត។
ជាមួយនេះ លោកអភិបាលខេត្តកំពត ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយការងារផ្តល់សេវានេះ ត្រូវអនុវត្តដោយភាពស្មោះត្រង់ មានតម្លាភាព និងមានប្រសិទ្ធភាព៕ សេង ណារិទ្ធ










