(ខេត្តកំពត)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទខេត្តកំពតមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រមាណជាង៧០០នាក់ផងដែរ។
ក្រោយពីស្តាប់របាយការណ៍ពិស្តារស្តីពីលទ្ធផលការងាររយៈពេលមួយឆ្នាំនៃឆ្នាំ២០១៩ ដែលអានជូនអង្គពិធីដោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកោតសរសើរដល់សមាជិកក្រុមទាំងអស់ដែលខិតខំបំពេញការងាររហូតទទួលលទ្ធផលគួរជាទីមោទនៈ ពិសេសកិច្ចការងារបម្រើសេវាជូនប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយនឹងទិសដៅសម្រាប់អនុវត្តបន្តដែលបានដាក់ចេញក្នុងអង្គប្រជុំនេះ លោកប្រធានក្រុមការងារបានជំរុញដល់គ្រប់សមាជិកទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរាល់ភារកិច្ចរបស់ខ្លួនដើម្បីសម្រេចជោគជ័យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា៕ សេង ណារិទ្ធ










