(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដោយមានការគាំទ្របច្ចេកទេសពីមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត បានរៀបចំពិធីប្រគល់ថាប្លេត(Tablet) សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ នៅសាលាខេត្តកែប។ពិធីនេះស្ថិតក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពីប្រធានអង្គភាពជំនាញមួយចំនួន។
ក្នុងកម្មវិធីនេះ លោក កែន សត្ថា អភិបាលខេត្តបានបញ្ជាក់ថា ការប្រើប្រាស់Tablet នេះគឺដើម្បីជំរុញល្បឿននៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់បានចាប់រហ័ស និងបង្កភាពងាយស្រួល ដល់គ្រួសារក្រីក្រ ស្វែងរក ឬទទួលបានសេវា ឬជំនួយផ្សេងៗ និង ជួយដល់អ្នកផ្ដល់សេវា ឬជំនួយ ពិនិត្យផ្ទៀងផ្ទាត់អត្ដសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវាឬជំនួយដល់ពួកគាត់ ក្នុងន័យកាត់បន្ថយចំណាយដោយផ្តោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្ដិដែលអាចបណ្ដាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានសភាពធ្ងន់ធ្ងរឡើង។
ជាមួយនេះ ដើម្បីសម្រេចបានគោលបំណងនេះ ពិតជាត្រូវការជាចាំបាច់នូវទិន្នន័យគ្រួសារក្រីក្រដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារ និងទីកន្លែងដែលគ្រួសារក្រីក្រកំពុងរស់នៅ និងមានលក្ខណៈជាស៊េរីនៅតាមភូមិឃុំ សង្កាត់នីមួយៗ ជាចាំបាច់។
ចំពោះការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ រដ្ឋបាលខេត្តកែប បានធ្វើការបណ្តុះបណ្តាលរួចមកហើយ ដោយថ្ងៃនេះបានផ្តល់ជូននូវTablet គ្រប់ឃុំ សង្កាត់ទាំងអស់ទូទាំងខេត្តសម្រាប់ប្រើប្រាស់ និងអនុវត្តនីតិវិធីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ សេង ណារិទ្ធ










