(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅបរិវេណវត្តអង្គជុំព្រៃទប់ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
អង្គវេទិកានេះស្ថិតក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ សម្រាប់ស្រុកកំពង់ត្រាចនាពេលនេះ ធ្វើឡើងដើម្បីផ្តល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុងស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ ប្រមូលពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពខាងមុខ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ រួមនិងតំណាង សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដ៏ទៃទៀតផងដែរ។
សូមបញ្ជាក់ថា ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណូមពរចំនួន១៣ចំណុច។ ក្នុងនោះត្រូវបានដោះស្រាយភ្លាមៗចំនួនពីរករណី។ ក្រៅពីនេះ លោកអភិបាលនៃគណៈអភិបាលខេត្តបានតម្រូវឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រាចចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនិងសំណូមពរដោយកំណត់រយៈពេល១៥ថ្ងៃ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីឈានទៅធ្វើការដោះស្រាយរាល់បញ្ហាខាងលើ៕ សេង ណារិទ្ធ




