ប៉ៃលិន ៖ កាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆហនាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង នាយក នាយករង ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ហើយក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានកិត្តិយសសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ/សង្កាត់ ស្រុក/ក្រុង និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងយុវជនកាកបាទក្រហម កម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ២០០អង្គ/នាក់។
លោកជំទាវ បានស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ធ្វើរបាយការណ៍ឲ្យដឹងថា ÷ការឆ្លើយតបក្នុងឆ្នាំ២០១៨-២០១៩នេះ សាខាកាកបាទក្រហមខេត្តមិនបានបង្ហាញរូបរាងធំលេចធ្លោដូចបណ្តាលខេត្តមួយចំនួននោះទេប៉ុន្តែវាបានកើតឡើងជាទ្រង់ទ្រាយតូចៗបន្តបន្ទាប់ជាក់ស្តែងគ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ភ្លៀងផ្គររន្ទះនៅតាមកន្លែង បានធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកជំទាវបន្ថែមថា ÷សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្រោយការដឹកនាំពីលោកជំទាវផ្ទាល់ និងមានការណែនាំ និងចង្អុលបង្ហាញ់ផ្ទាល់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជម្រុញនៅគ្រប់សកម្មភាពការងារនៃវិស័យស្នូលទាំង៤ ឲ្យអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាព បានឆ្លើយតបតាមតម្រូវការជាក់ស្តែង នៃភាពរងគ្រោះបានទាន់ពេលវេលា ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះណាមួយអស់សង្ឃឹមឡើយ គឺបានដោះស្រាយនូវបញ្ហាភ្លាមៗ ដោយក្រុមការងារប្រតិបត្តិសាខា រៀបចំដោះស្រាយជាបន្ទាន់ដោយមិនប្រកាន់ និន្នាការនយោបាយ ជាតិសាសន៏ សាសនា វណ្ណៈ ពណ៌សំបុរ អ្វី ទាំងអស់ ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៨ ដល់ពេលឆ្នាំ២០១៩ បច្ចុប្បន្ននេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះថ្នាក់ដោយអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ បងប្អូនមានជីវភាពខ្វះខាត គ្រួសារជនពិកា និងគ្រួសារសពខ្វះខាតសរុបចំនួន៦០០គ្រួសារ។
ទន្ទឹមនេះសាខា បានផ្តល់អណ្តូងទឹកស្អាតចំនួន១២កន្លែង សាងសង់ផ្ទះថ្មីជូនពលរដ្ឋ ក្រីក្រខ្វះទីពឹងតាមមូលដ្ឋានបានចំនួន ០៨ខ្នង និងជួសជុលផ្ទះ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់បានមួយចំនួនទៀតផងដែរ។
បន្ទាប់មកឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងរួចមក លោក ឌឺន គឹម នាយកប្រតិបត្តិសាខា ដែលទើបកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញការងារមនុស្សធម៌ជួយជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្តប៉ៃលិនទាំងមូល ជាពិសេស«បន្តគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំបេសកកម្មមនុស្សធម៌ឱ្យកាន់តែរីកចម្រើនថែមទៀត និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព»។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា កន្លងមកបានខិតខំ បំពេញបេសកកម្មមនុស្សធម៌ ក្នុងការឆ្លើយតបចំពោះរាល់ការលំបាក របស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្ត បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា“ ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់អនុសាខា និងសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហម កម្ពុជា ២០១១-២០២០ ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ក៍បានផ្ដាំផ្ញើដល់នាយក នាយករង ដែលទើបប្រកាសទទួលកាន់មុខតំណែងថ្មី ឲ្យត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយស គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ -ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិ -ត្រូវខិតខំផ្ដល់សេវាជូនពលរដ្ឋគ្រប់ពេលវេលា ៕










