(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយពិធីនេះបានធ្វើឡើង តាមប្រកាសលេខ ៧៧១១ប្រ.ក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានប្រគល់ភារកិច្ចជូន លោក ង៉ែត សាវឿន ឲ្យកាន់មុខតំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
អញ្ជើញចូលរួមក្នងពិធីនេះមាន លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកដែលពាក់ព័ន្ធ មន្ត្រីរាជការនៃទីស្នាក់ការ ព្រមទាំងភាគី វៀតណាម រួមមាន តំណាងខេត្តគៀនយ៉ាង ក្រុងហាទៀង មន្ត្រីច្រកទ្វារហាទៀង អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។
ស្ថិតក្នុងបរិយាសដ៏មានអត្ថន័យនេះ លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលកន្លងមក បានរួមសហការគ្នាបំពេញ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ការការពារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាងជាមិត្ត តាមគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់ មិនត្រឹមតែចូលរួមចំណែក ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។
លោកអភិបាលខេត្តកំពត បានបន្ថែមថា ចំពោះការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឲ្យមានកំណែទម្រង់ក្នុងប្រព័ន្ធការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ សេង ណារិទ្ធ









