(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង៦៦០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ជើងទេ ១,៥០ម៉ែត្រ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
វត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកទឹកឈូ ក្រុមប្រឹក្សាឃុំម៉ាក់ប្រាង្គ មេភូមិ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣៥០នាក់។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក។
ម្យ៉ាងទៀត ការស្ថាបនាផ្លូវឲ្យបានស្អាតនេះ ក៏ជាការចូលរួមចំណែកកែលម្អសោភ័ណភាពក្នុងស្រុកទឹកឈូរបស់យើងឲ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវរួមសហការគ្នាថែរក្សាការពារផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:បានយូរអង្វែង សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕
សេង ណារិទ្ធ








