(ខេត្តកំពត-កែប)៖ លោក ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និង លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំង លោក កែន សត្ថា អភិបាលខេត្តកែប រួមមន្ត្រីថ្នាក់ដឹកនាំនៃខេត្តទាំងពីរ នៅរសៀលថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យដំណើរការស្ដារជួសជុលឡើងវិញនូវទំនប់ប្រទាក់ក្រឡាក្រោយទទួលរងការវាយប្រហាដោយទឹកជំនន់កាលវេលារៀបភ្លឺនាថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩កន្លងទៅថ្មីនេះ។
មានប្រសាសន៍សំណេះសំណាល ជាមួយក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋនាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា បញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋគឺជាទុកលំបាករបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពិសេសសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាក
របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយសម្តេចតេជោតែងតែក្រើនរំលឹកណែនាំ ដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះជួយប្រជាពលរដ្ឋជួបទុក្ខលំបាកគ្រប់ពេលវេលា។
លោក ជាវ តាយ ក៏បានសូមការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជាពលរដ្ឋក៏ដូចក្រុមការងារដែលកំពុងអវត្តមានមិនបានចុះជាប់ផ្ទាល់នៅពេលទំនប់បាក់ភ្លាមៗដោយសារបញ្ហាសុខភាពដែលរយៈពេលប៉ុន្មានថ្ងៃនេះមានភារកិច្ចចុះជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត។
លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ប៉ុន្តែទោះបីយ៉ាងណាលោកបានណែនាំចាត់បញ្ជូនថ្នាក់ដឹកនាំនិងមន្ត្រីមូលដ្ឋានឲ្យនៅជាប់ជាមួយសភាពការណ៍និងបងប្អូនជាប្រចាំជានិច្ច។
ក្នុងឱកាសនោះដែរ់ លោកទេសរដ្ឋមន្ដ្រីចម ប្រសិទ្ធ ក៏បានកោតសរសើរដល់អាជ្ញាធរនិងមន្ត្រីនៃខេត្តទាំងពីរ កំពត-កែប ព្រមទាំងក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹក រួមនិងប្រជាពលរដ្ឋ ដែលបានរួមសហការគ្នាបានម្ចាស់ការគ្រប់គ្រងស្ដារជួសជុលឡើងវិញនូវការបាក់ទំនប់ទឹកនេះដែលជាសក្ដានុពលធនធានទឹកដ៏សំខាន់មួយសម្រាប់បម្រើសេចក្តីត្រូវការរបស់ខេត្តទាំងពីរកំពត-កែប។
លោក ទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ
ឲ្យមន្ត្រីបច្ចេកទេសត្រូវខិតខំយកចិត្តទុកដាក់លើការស្ដារជួសជុលទំនប់នេះទាំងគុណភាពនិងបរិមាណទឹកឲ្យបានកាន់តែប្រសើរឡើងវិញដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋពិសេសបម្រើអោយវិស័យទឹកស្អាតជូនដល់ប្រជាពលរដ្ឋខេត្តទាំងពីរកំពត-កែបផងដែរ។ជាមួយនោះដែរ ថ្នាក់ដឹកនាំ ខេត្តកំពតក៏បាននាំយកនូវថវិកាមួយចំនួនជូនប្រជាពលរដ្ឋនិងក្រុមការងារផងដែរ។
សូមបញ្ជាក់ថា៖ទំនប់អាងទឹកនេះជាប្រភេទអាងទឹកដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប។
ដោយសារក្នុងរយៈពេលជាង១០ថៃ្ងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណទឹកច្រើនធ្វើឲ្យមានការស៊ីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រធ្វើឲ្យបាក់ទំនប់បង្ហៀរ ហើយពេលនេះបាននឹងកំពុងម្ចាស់ការគ្រប់គ្រងនិងធ្វើការស្ដារជួសជុលឡើងវិញហើយ៕ សេង ណារិទ្ធ












