ព្រះសីហនុ ៖ “សំរាមមិនគួរអោយស្អប់ខ្ពើមទេ តែអ្នកចោលសំរាមផ្តេសផ្តាស ជារឿងដែលមិនល្អ” ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខណៈឯកឧត្តម បានដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើយុទ្ធនាការសំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ថ្លែងនៅថ្ងៃនេះថា យើងជួបជុំគ្នា គោលដៅយើង គឺប្រមូលសំរាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ព័ន្ធនឹងសំរាមសេសសល់នេះ សុំអោយអ្នកប្រេីប្រាស់សំរាមទាំងអស់ ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសំរាម។
អភិបាលខេត្តព្រះសីហនុ បន្តថា ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថា ការគ្រប់គ្រងសំរាមមិនទាន់បានល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹងអំពីសំរាមពីពេលនេះតទៅ។
បញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយលោក គួច ចំរើន រួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះអោយបានច្បាស់លាស់ ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់ អោយបានគ្រប់ចំនួន និងបរិមាណដែលបានបញ្ជូនចេញ តែលោកសុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងការវេចខ្ជប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ។
ឯកឧត្តម គួច ចំរើន ថ្លែងបន្តថា បន្ទាប់ពីការជួបជុំ និងការប្រមូលសំរាមនេះទៅ លោកក៏សុំស្នេីសុំអ្នកស្ម័គ្រចិត្តទាំងអស់ ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កេីតសំរាមនៅទូទាំងក្រុងព្រះសីហនុ និងសូមអោយបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់នៅទីនេះ ធ្វេីខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសំរាមនៅទីក្រុងព្រះសីហនុ ដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កើតសំរាម អោយពួកគាត់មានការយល់ដឹង ចូលរួម ដើម្បីយើងមានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អ យើងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាន នៅក្រុងព្រះសីហនុ អោយបានល្អចាប់ពីថ្ងៃនេះតទៅ ៕










