ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមប្រជុំពេញអង្គគណរដ្ឋមន្ត្រីរួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការី បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៤គឺវត្តឥន្ទសាល (វត្តក្បាលកោះ) វត្តសំរិទ្ធិជ័យ (វត្តកោះតូច) វត្តសំរិទ្ធិជោគ (វត្តព្រះអង្គខ្មៅ) និងវត្តឥន្ទកោសី (វត្តកោះជ្រូក) ដែលជាកន្លែងប្រារព្វពិធី ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាបឋមលោកបានសង្ខេបជូនពុទ្ធបរិស័ទពីប្រវត្តិបុណ្យចូលព្រះវស្សាថាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ក្នុងរយ:ពេល ០៣ខែ ក្នុងរដូវភ្លៀងធ្លាក់ហើយបុណ្យនេះចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះសំណាលជាមួយចៅអធិការវត្ត ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានសួរនាំពីការងារបង្កបង្កើនផល បញ្ហាជីវភាពប្រចាំថ្ងៃ បញ្ហាសុខភាព ការ សិក្សាររៀនសូត្ររបស់បុត្រធីតា ក្រោមដំបូល សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន បានល្អប្រសើរ ។ ក្រៅពីនេះលោកក៏បានជម្រាបជូនផងដែរ ពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយផ្តោតជាសំខាន់ពីការរីកចម្រើនលើវិស័យកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងដែលជាចលករជួយទ្រទ្រង់ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហេតុដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋយើងមេត្តាបន្តគាំទ្រគណ:បក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សតរៀងទៅ ។ ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានសម្តែងអំណរគុណជូនចំពោះសប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ និងជាពិសេសសមាជិកក្រុមការងារចុះជួយឃុំកោះសំរោងទាំងអស់ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចាប់មគ្គផល ផលានិសង្ឃធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនារបស់ខ្មែរយើង។
លោកបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជូនពរសម្តេចទាំងបីឲ្យមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព សុខសន្តិភាព ស្ថិរភាព សេចក្តីសុខចម្រើន និងការអភិវឌ្ឍ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរព្រះតេជគុណគ្រប់ព្រះអង្គ ឲ្យបងប្អូនជនរួមជាតិ និងជាពិសេសពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងបួនសូមទទួលនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖សហការី






