(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុងធិធីនេះមានអស់លោកជារដ្ឋលេខាធិការ ក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត តំណាងដៃគូរអភិវឌ្ឍ និងគណបក្សនយោបាយ សរុបប្រមាណ ២៨៤ នាក់។
ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ព្រឹកនេះមានសមាសភាពចំនួន២៥រូប ស្រី ០៤រូប ដែលមាន លោក ជឹង ផល្លា ជាប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតបានជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ សួនច្បារ សួនសាធារណ:ផ្សេងៗ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវាកម្មល្អនិងសាងសង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលជាប់ឆ្នេរសមុទ្រ តារារះនាទិសនិរតី។
ជាមួយនេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញដល់បណ្តាក្រុង ស្រុក ឃុំ ហើយខេត្តបានយកចិត្តទុកដាក់នូវការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដោយផ្តោតការគាំទ្រដល់ដំណើរការវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ និងដំណើរការវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រុងស្រុក ដោយខេត្តបានយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្រុង សម្អាតអនាម័យតាមទីប្រជុំជននានាក្នុងភូមិសាស្ត្ររបស់ខ្លួនធ្វើឱ្យកាន់តែមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។
ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុចបានល្អប្រសើរតាមរយ:ការរក្សាសណ្តាប់ធ្នាប់សាធារណ:របៀបរៀបរយសង្គម។ថែមទាំងមានការពង្រឹងបន្ថែម ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណតិ្តទី៣ធានាបាននូវសុវត្ថិភាពទាំងស្រុង។
ក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពត ឱ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ៕ សេង ណារិទ្ធ










