(ខេត្តកែប)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តបាននិងកំពុងយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនអត្រាមនុស្សស្លាប់និងរបួសពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។
ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលរៀបចំឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការរៀបចំទិវាសប្តាហ៍ជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោកនេះឡើងស្របពេលដែលថ្នាក់ជាតិបាននិងកំពុងរៀបចំទិវានេះនៅខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក កែន សត្ថា បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់ចរាចរពេលកើតឡើងរមែងជួបផលវិបាកគ្រប់ជំពូកមកលើបុគ្គលគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង ហើយគ្រោះថ្នាក់ចរាចរណ៍នេះក៏បានក្លាយជាវិញ្ញាសារដ៏ចម្បង និងការព្រួយបារម្ភយ៉ាងធំបំផុត ហើយក៏ជាកត្តាមួយធ្វើឱ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់និយាយពីការបន្សល់ទុកនូវស្ត្រីម៉េម៉ាយ កូនកំព្រា ការនិរាសប្រាស់ព្រាត់ក្នុងក្រុមគ្រួសារ និងជនពិការឡើយ។
ជាក់ស្តែងនៅឆ្នាំ២០១៨កន្លងទៅនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកែបរបស់យើងបានកើនឡើងចំនួន៧១លើក បើប្រៀបធៀបនឹងឆ្នាំ២០១៧ កើនឡើងចំនួន៩០លើក ថយចុះ១៩លើក ស្មើនឹង១,០៣ ភាគរយ។គ្រោះថ្នាក់នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ,៣៣អា នៅលើផ្លូវខេត្ត និងផ្លូវលំជាដើម។
លោកអភិបាលខេត្តបានបន្តថា គ្រោះថ្នាក់ដូចខាងលើផ្តើមមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអទិភាព មិនប្រកាន់ស្តាំ ការបើកបរក្នុងស្ថានភាពស្រវឹង ការបើកវ៉ាឬជែងដោយប្រថុយប្រថាន ការបត់មិនប្រុងប្រយ័ត្ននិងការមិនពាក់មួយសុវត្ថិភាពជាដើម។ចំពោះគ្រោះថ្នាក់ដែលកើតឡើងផ្តើមឡើងដោយសារកត្តាបីយ៉ាង គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ប៉ុន្តែកត្តាចម្បងគឺកត្តាមនុស្សនេះឯងដែលប្រើប្រាស់ផ្លូវថ្នល់មិនគោរពច្បាប់ ដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស ពេលបើកបរសេពគ្រឿងស្រវឹងជាដើម។
សូមជម្រាបថា៖ តាមរបាយការណ៍របស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប ដែលមាន ឯកឧត្តម កែន សត្ថា អភិបាលខេត្តជាប្រធាន ដោយមានការរួមចំណែក និងសហការយ៉ាងល្អពីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារនេះ ដែលមានសកម្មភាពជាច្រើនដូចជា សិក្ខាសាលា ផ្សព្វផ្សាយ ណែនាំ អប់រំ និងអនុវត្តផ្ទាល់យ៉ាងសកម្ម។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកែប ក្នុងឆ្នាំ២០១៨បើធៀបនឹងឆ្នាំ២០១៧ គឺមានការថយចុះ១៩ករណីប៉ុណ្ណោះ ដែលចំនួននេះនៅតែជាក្តីព្រួយបារម្ភរបស់យើងគ្រប់ៗគ្នា។
លោក ម៉ម ទូច បានបន្ថែមថា កន្លងមកមន្ទីរបានធ្វើពិធីផ្សព្វផ្សាយចំនួន០៦លើកនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងភូមិសាស្ត្រក្រុង ស្រុក ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន៨៤៩នាក់ ក្នុងនោះបានចែកជូនដោយឥតគិតថ្លៃនូវមួកសុវត្ថិភាពចំនួន១២១មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៥៤៦ក្បាល បទបញ្ញតិ្តស្តីពីបទដ្ឋានបច្ចេកទេសសំខាន់ៗចំនួន៨៧៦ច្បាប់ សៀវភៅ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ចំនួន៤៤០ក្បាល ភៀវភៅអ្នកបើកបរយានយន្តគួរយល់ដឹងចំនួន១.១៤១ក្បាល និងបិទផ្ទាំងរូបភាពផ្លាកសញ្ញាចរាចរណ៍ចំនួន៤៨១ផ្ទាំងផងដែរ៕ សេង ណារិទ្ធ










