(ខេត្តកំពត)៖ លោក សោម ចិន តំណាងរាស្ដ្រមណ្ឌលកំពត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពត ខេត្តកំពត និង លោក លី សារីសមាជិកព្រឹទ្ធសភាភូមិភាគ៥ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរក្រុង សង្កាត់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីហូបនំបញ្ចុកសាមគ្គី ជាមួយបងប្អូនខ្មែរឥស្លាមប្រមានជិត៣០០នាក់ នៅភូមិស្រែក្នុងសង្កាត់ត្រើកោះក្រុងកំពតខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋបងប្អូនខ្មែរឥស្លាម លោក លី សារី និងលោក សោម ចិន បានលើកបញ្ជាក់ថានំបញ្ចុកខ្មែរគឺជាអាហារប្រពៃណីមរកតរបស់ខ្មែរតាំងពីដូនតាយើងតរៀងមកហើយការជួបជុំគ្នាហូបនំបញ្ចុកខ្មែរនៅពេលនេះគឺដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិព្រមទាំងបង្ហាញពីការចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ។
នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល គឺមានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិទើបប្រទេសជាតិមានសុខដុមរមនា មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។
លោក សោម ចិន ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមហូបនំបញ្ចុកឱ្យបានឆ្ងាញ់ទាំងអស់គ្នា ដើម្បីមានកម្លាំងរួមដំណើរបន្តទៀតជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូតនិងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនតទៅអនាគតថែមទៀត។
ក្នុងឱកាសនោះពាក់ព័ន្ធការគោរពជំនឿសាសនា លោក សោម ចិន ក៏បាន រំលឹកបញ្ជាក់ដែរថា សម្រាប់នៅកម្ពុជាយើងមិនថាឡើយសាសនាព្រះពុទ្ធ សាសនាឥស្លាមឬសាសនាដ៏ដៃទៀតឡើយ គឺកើតឡើងដំណាលគ្នាចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ដែលត្រូវបានរបបប៉ុលពតលុបបំបាត់ចោលទាំងស្រុង។ ហើយបច្ចុប្បន្ននេះបើទោះបីរដ្ឋធម្មនុញ្ញបានចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងជំនឿសាសនារបស់ខ្លួនរៀងៗខ្លួនពិសេសបងប្អូនសាសនឹកខ្មែរឥស្លាម រមែងតែងទទួលភ័ព្វសំណាងមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីសំណាក់សម្ដេចតេជោដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាប្រកបដោយសុខដុមបនីយកម្មសាសនាកាន់តែល្អប្រសើរឡើងថែមទៀត។
លោក សោម ចិន ក៏បានកោតសរសើរនិងដល់ប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងបានចូលរួមសហការអភិវឌ្ឍន៍ផ្លូវ ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងមួយចំនួនទៀតក្រោមការឧបត្ថម្ភថវិកាពី លោកផ្ទាល់ក្នុងមូលដ្ឋាននេះកន្លងមកធ្វើឱ្យមានការរីកចម្រើនគួរឱ្យសរសើរ។
ជាមួយគ្នានេះ លោក សោម ចិន ក៏បានក្រើនរំលឹកផ្ដាំផ្ញាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងកងកម្លាំងសមត្ថកិច្ចបន្តសហការគ្នាបន្ថែមទៀតក្នុងការអភិវឌ្ឍនិងថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានអោយកាន់តែល្អប្រសើរថែមទៀតផងដែរ។ ជជាមួយឱកាសនោះលោក សោម ចិនក៏បាននាំមកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ មានសារុង ម្សៅសាប៊ូនិង ថវិកាជូនដល់ អ្នកក្រីក្រ ចាស់ជរា ព្រមទាំងអ្នកចូលរួមពិធីហូបនំបញ្ចុកសាមគ្គីនាពេលនេះ សរុបចំណាយថវិកាអស់ចំនួន៣លាន៧សែនរៀលផងដែរ៕ សេង ណារិទ្ធ













