ស្នងការនគរបាលរាជធានីភ្នំពេញចុះបិទក្លឹបកម្សាន្ត លុច្សសារី(Luxurious) បណ្ដោះអាសន្ននិងឃាត់ខ្លួនមនុស្សជាង ៤រយនាក់ព្រមទាំងប្រមូលសារធាតុញៀនមួយចំនួនផងដែរដោយចោទប្រកាន់ថា ក្លឹបនេះ បានចែកចាយនិងមានមនុស្សប្រើប្រាស់គ្រឿងញៀន។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរត្រូវតែស្វែងរកមុខនិងចាប់មេខ្លោងចែកចាយគ្រឿងញៀនមកផ្ដន្ទាទោសឱ្យបានតឹងរ៉ឹង។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន អោយដឹងថា សមត្ថកិច្ចបានប្រមូលមនុស្សនៅក្នុងក្លឹបកម្សាន្តដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញនេះទាំងអស់សរុបជាង៤រយនាក់ ដោយមានជនជាតិចិន និងវៀតណាមខ្លះ។ លោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អាចដោះលែងអ្នកទាំងនោះភ្លាមៗឡើយព្រោះកំពុងបន្តនីតិវិធីសាកសួរនៅស្នងការនគរបាលជាតិដើម្បីរកអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន។ ទោះយ៉ាងណាក្តី លោកមិនបញ្ជាក់ថា នរណាជាម្ចាស់ក្លឹបកម្សាន្តលុច្សសារី ហើយតើអាជ្ញាធរបានចាប់ខ្លួនបានហើយឬនៅនោះទេ៖ «យើងប្រមូលមនុស្សបាន៤រយនាក់និងសារធាតុញៀនមួយចំនួនដែលយើងមិនពិនិត្យ មិនទាន់ថ្លឹងអីស្រួលបួលទេ។ ឥឡូវនេះយើងកំពុងចាត់ការពិនិត្យហើយធ្វើតេស្តអ្នកណាជាប់ពាក់ព័ន្ធគ្រឿងញៀនហើយអ្នកណាប្រើប្រាស់។ យើងកំពុងធ្វើបានប៉ុណ្ណឹង។ យើងមិនអាចជម្រាបបានទេព្រោះមកដល់ពេលនេះយើងមិនទាន់ឆែកដឹងថា អ្នកណាមានតួនាទីអីអ្នកណាជាភ្ញៀវហើយអ្នកណាជាមេកាឡើយ»។
នេះជាវិធានការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំលើកទី២បន្ទាប់ពីក្លឹបកម្សាន្តរ៉កនេះគឺធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដាក់ចេញបញ្ជាឱ្យមន្ត្រីនិងកងកម្លាំងទាំងអស់ចុះបង្ក្រាបករណីគ្រឿងញៀននៅតាមបណ្ដាក្លឹបនិងទីតាំងកម្សាន្តនានាឱ្យអស់នៅត្រឹមឆ្នាំ២០១៩ ព្រោះថាទីតាំងកន្លែងកម្សាន្តដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះគឺជាកន្លែងដែលបំពុលនិងពង្វក់ ស្មារតីយុវជនឱ្យដើរផ្លូវខុសហើយបំផ្លាញអនាគតពួកគេ។
កាលពីថ្ងៃទី២៣ កុម្ភៈ កម្លាំងសមត្ថកិច្ចក៏បានបិទក្លឹបកម្សាន្តរ៉ក់(Rock)និងប្រមូលគ្រឿងញៀនជាង៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៣០០នាក់ ប៉ុន្តែសមត្ថកិច្ចសម្រេចដោះលែងមនុស្សចំនួន២៨១នាក់ និងបញ្ជូនជនសង្ស័យ ១៧នាក់ ទៅតុលាការ។ បន្ទាប់មកសមត្ថកិច្ចក៏បានចាប់ ខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ក់ គឺលោកឧកញ៉ា គិត ធាង តាមបញ្ជារបស់លោក ហ៊ុន សែន ក្រោយមានការិះគន់ខ្លាំងៗ ពីសាធារណជន។ ប៉ុន្តែជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនដែលមានងារជាឧកញ៉ារូបនេះមិនបានស្ថិតក្នុងពន្ធនាគារនោះទេលោក បានចេញមករស់នៅក្នុងបន្ទប់វីអាយភី(VIP)នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតាំងពីថ្ងៃទី១ខែមេសារហូតមក ក្រោមហេតុផលថាមាន ជំងឺត្រូវព្យាបាល។
នៅមុនការបង្ក្រាបករណីគ្រឿងញៀននៅក្លឹបកម្សាន្តលុច្សសារីនេះស្នងការនគរបាលរាជធានីភ្នំពេញបានរកឃើញថា ក្លឹបកម្សាន្តនិងបារបារាំង ចំនួនជាង ១.២០០កន្លែង ប្រើប្រាស់គ្រឿងញៀនដែរ។ប៉ុន្តែសមត្ថកិច្ចមិនបានចាត់ការម្ចាស់កន្លែងទាំងនេះតាមផ្លូវច្បាប់ទេ គឺគ្រាន់តែឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ៕




