បាត់ដំបង ៖ ក្រុមឡានដឹកផ្លែឈើ បានលើកឡើងថា ការប្រកបមុខរបរសព្វថ្ងៃនេះ ដូចជាមិនសូវកាក់កបប៉ុន្មានទេ ថ្វីត្បិតតែសម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបបំបាត់ចោលស្ថាប័នកាំកុងត្រូលមួយក៏នៅតែពិបាកដដែល មិនស្រួលរកសុីដូចកាលពីមុនឡើយ។ ពួកគាត់បានប្រាប់បន្ថែមទៀតថា ផលវិបាកនៃការរកសុីនឹងដឹកជញ្ជូននេះ មកពីការបង់ថ្លៃពន្ធនាំចូលផង និងត្រូវបង់ថ្លៃក្បាលឡានចាប់ ២ទៅ៣ដង នៅក្នុងច្រកបានឡែម (ហៅច្រកដូង) ដែលស្ថិតនៅក្នុងភូមិបឹងរាំង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង ដែលគេហៅថាច្រកអន្តរជាតិដូងសព្វថ្ងៃ។
ក្រុមអាជីករដែលរកសុីនាំទំនិញផ្លែឈើមកពីប្រទេសថៃ បានបង្ហើបប្រាប់អ្នកយកពត៌មានយើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវថា ឡានរបស់ពួកគាត់ ពេលដែលដឹកចេញមកតាមច្រកបានឡែមរួចហើយ ត្រូវតែមកចូលបង់ថ្លៃក្បាលឡាននៅស្នាក់ការអូរដាម្តងទៀត ដោយក្នុងមួយឡាន ២៥មុឺន (២៥០,០០០រៀល) ក្នុងមួយឡាន ហើយការដែលដឹកនេះផងដែរ ពួកគាត់បាននាំទំនិញផ្លែឈើមានដូចជា មង្ឃុត អំពិល ផ្លៃផ្លុងកុង សាវម៉ាវជាដើម។ ហើយការដឹកផ្លែឈើនេះ គឺដឹកយកទៅចែកចាយបន្តនៅលើទីផ្សារនៅផ្សារនាគមាស រាជធានីភ្នំពេញ ដោយក្នុងមួយឡានត្រូវការចំណាយច្រើនទាំងថ្លៃបង់ផ្លូវ នៅតាមគោលដៅដែលគយគេដាក់នៅតាមដងជាតិរហូត និងថ្លៃចាក់ប្រេងបូកទាំងការហូបចុកផង គឺមិនសូវជាសល់ទេ តែធ្វើមិចបើយើងធ្លាប់តែប្រកបមុខរបរនេះទៅហើយ។
ប្រភពពីម្ចាស់ឡានដដែល ដោយពួកគាត់មិនបានប្រាប់ឈ្មោះទេ តែពួកគាត់បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារពត៌មានយើងថា សព្វថ្ងៃនេះផងដែរ នៅពេលរថយន្តរបស់គាត់បានរៀបចំផ្ទុកទំនិញផ្លែឈើពេញចេញមកដល់ច្រកខ្មែរ ពេលដែលពួកគាត់បង់លុយទៅអោយមន្ត្រីគយនៅតាមច្រកម្តងៗ មិនដែលមានក្រដាសស្នាមឫវិក័យប័ត្រអីនោះទេ គឺបងលុយហើយចេញ បើបង់ខ្វះតែមួយរៀល ក៏មិនបានផង។
បច្ចុប្បន្នរូបភាព បែបបង់លុយមិនមានវិក័យប័ត្រមកបញ្ចាក់បែបក្រៅផ្លូវការនេះ ជាជំនាញរបស់មន្ត្រីគយប្រចាំច្រកអន្តរជាដូង ហើយដោយមួយថ្ងៃៗ ប្រមូលលុយយកធ្វើមានធ្វើបានដាក់ចូលក្នុងខោប៉ៅរាប់សិបម៉ឺនដូល្លារក្នុងម្ងៃៗបែបនេះ ដោយគ្រប់គ្រងដោយលោក អ៊ំ ចាន់រតនា និងលោក ជ័យ ច័ន្ទតារា ក្តោបទាំងផែស្ងួតទៀតផង។ រាល់ទំនិញគ្រប់ប្រភេទដែលនាំចូលមកក្នុងប្រទេសនេះ គឺអនុវត្តតាមដូចរូបភាពបង់លុយក្រៅបញ្ជី និងក្រៅផ្លូវ រីឯការដឹកជញ្ជូនវិញ គឺដឹកតាមរថយន្ត ឬតាមរទេះតូចៗ ដូចជាកន្ដារម្តងតិចៗ ដើម្បីប្រើជាលក្ខណៈទ្រង់ទ្រាយតូចៗ តែធាតុពិត ពេលដឹកតាមរទេះតូចៗមកដល់ទឹកដីខ្មែរហើយ ឈ្មួញដែលបានជញ្ជូនមកនេះ រៀបចំប្រមូលដាក់ឡាន រួចដឹកបន្តយកទៅចែកចាយនៅទីរួមខេត្តផ្សេងៗជាច្រើនឡានក្នុងមួយថ្ងៃៗ។
នៅជុំវិញបញ្ហាពាក់ព័ន្ធភាពមិនប្រក្រតីនេះផងដែរ លោក អ៊ំ ចាន់រតនា ប្រធានស្នាក់ការគយ និងរដ្ធាករច្រកដូង ភ្នាក់ងារពត៌មានយើងមិនអាចសុំបំភ្លឺបានទេ ពីការលើកឡើងរបស់បងប្អូនអាជីករយើង ព្រោះទូរស័ព្ទចូលហើយ មិនមានលើក។






