(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ រស់នៅក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់រលំផ្ទះសំបែងកាលពីពេលថ្មីៗនេះ ត្រូវបាន លោក ជាវ តាយ អភិបាល នៃុគណៈអភិបាលខេត្តកំពត និងប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានពាំនាំយកអំណោយសង្គ្រោះរបស់កាកបាទក្រហមទៅចែកជូន កាលពីព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធានមន្ទីរជំុវិញខេត្ត លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរដែនដីក្នុងតំបន់ផងដែរ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានរើសអើងពូជសាសន៍ ពណ៌សម្បុរឡើយ ពិសេសជនពិកា និងជនងាយរងគ្រោះគ្រប់ប្រភេទ។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បាវស្មើ៣០គីឡូ ទឹកត្រីមួយយួរ ទឹកស៊ីអ៉ីវ មួយយួរ ត្រីខមួយយួរ មីមួយកេស តង់មួយ ក្រមាមួយ សារុងមួយ និងថវិកា ៨០ម៉ឺនរៀល សរុប ៣.២០០.០០០រៀល៕ សេង ណារិទ្ធ









