(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានជួបជួបសំណះសំណាលជាមួយ អ្នកបើកបររថយន្តក្រុង ភ្នំពេញ-កំពត។
កិច្ចសំណេះសំណាលនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្តសរុប ៤០ នាក់។
លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់រស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយមិនបង់ប្រាក់ ក្នុងនោះរថយន្តក្រុងដែលត្រូវជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តកំពត និងពីខេត្តកំពតត្រឡប់ទៅរាជធានីភ្នំពេញវិញមានចំនួន ០៥គ្រឿង។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប១លានរៀល និងសម្រួលការស្នាក់នៅ ០៥បន្ទប់សម្រាប់២ថ្ងៃ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់អ្នកបើករបរថយន្តក្រុង ភ្នំពេញ-កំពត ចំនួន១២នាក់ ។
សូមជម្រាបផងដែរថា៖ គិតត្រឹមរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ រថយន្តក្រុង ភ្នំពេញ-កំពត បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១.១១៩នាក់៕ សេង ណារិទ្ធ







