(ខេត្តកំពត)៖ មជ្ឈដ្ឋានជាច្រើនកំពុងក្តៅក្រហាយ ខណៈលោក ព្រំ សាន (Prum San) សកម្មជនFacebook និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានញុះញង់ឲ្យបុគ្គលមួយគ្រួសាររំលោភបំពានដីបឹងធម្មជាតិរបស់រដ្ឋ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
មជ្ឈដ្ឋានដដែលបានរិះគន់ផងដែរថា លោក ព្រំ សាន ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈគ្រាន់បើដែរមិនគួរណាចុះយកព័ត៌មានផ្សាយគ្មានភាពសុក្រឹត្យបន្តិចសោះ។ ចំពោះរឿងរ៉ាងនេះ កើតឡើងរវាងប្រជាពលរដ្ឋ នឹងប្រជាពលរដ្ឋដូចគ្នា ប៉ុន្តែលោកពុំបានថ្លឹងថ្លែងឬវិភាគឲ្យបានត្រឹមត្រូវ ដោយលើកតែភាគីម្ខាងដែលមានបុគ្គលមួយគ្រួសារ តែពុំបានទៅសាកសួរជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងរងគ្រោះដោយសារការប៉ងចាក់ដីលុបបឹងឈូកពីសំណាក់ជនខិលខូចនោះឡើយ។
ជាមួយគ្នានេះនៅវេទិកាថ្នាក់ជាតិដែលមាន ឯកឧត្តម អីុវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានចូលរួមកន្លងមក ក៏មានប្រជាពលរដ្ឋរាប់រយគ្រួសារ លើកដៃជំទាស់មិនឲ្យបុគ្គលនោះចាក់ដីលុបបឹងឈូកនោះទេ ហើយលោកតា សំ អេន ដែលជាបុគ្គលរំលោភដីបឹងរបស់រដ្ឋក៏បានសន្យាថា នឹងប្រគល់ដីបឹងធម្មជាតិទៅឲ្យរដ្ឋបាលស្រុកកំពង់ត្រាចគ្រប់គ្រងវិញ ខណៈរដ្ឋត្រូវការអភិរក្ស។
ដូច្នេះដើម្បីតម្លាភាព លោក ព្រំ សាន ដែលអួតអាងថាជាអ្នកចេះដឹងមួយរូប មិនគួរលើកយកតែចំណុចអវិជ្ជមានមកវាយប្រហារដល់រដ្ឋបាលស្រុកកំពង់ត្រាច ហើយជំរុញឲ្យបុគ្គលមួយគ្រួសាររំលោភបំពានយកដីបឹងរបស់រដ្ឋដោយគ្មានខ្លាចញញើតនឹងច្បាប់បែបនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋណាដែលកាន់កាប់ដីចាប់ពី៥ឆ្នាំឡើងទៅ គួរតែប្រគល់ឲ្យគាត់ទៅ….ប៉ុន្តែលោក ព្រំ សាន ដឹងទេថាដីបឹងឈូករបស់រដ្ឋដែល លោកតា សំ អេន ឃុបឃិតជាមួយមន្ត្រីខិលខូចចង់លេបយកស្រស់ៗនោះ ជាជ្រលងបង្ហូរទឹក និងជាអាងស្តុកទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់រួមគ្នានោះ..ហើយកន្លងមកប្រជាពលរដ្ឋដែលជំទាស់មិនឲ្យរដ្ឋបាលដែនដីចេញប័ណ្ណកម្មសិទ្ធិជូននោះ បានទៅតវ៉ានៅសាលាស្រុកមាន៣៧គ្រួសារ និងជិត២០០គ្រួសារទៀតកំពុងផ្តិតមេដៃគ្រោងឡើងទៅតវ៉ានៅសាលាស្រុកជាបន្តបន្ទាប់ទៀត តើឲ្យរដ្ឋបាលស្រុកដោះស្រាយរបៀបណា?។
ម្យ៉ាងទៀត លោក ព្រំ សាន បែរជាយកគម្រោងបង្ហាញទីតាំងស្នើសុំមកប្រាប់ថាជាប្លង់ និងយក(ស ជ ណ)មកបង្ហាញថាជាច្បាប់ ដូចជាល្ងង់ពេកទេដឹង? ធ្វើជាអ្នកសារព័ត៌មានមិនគួរលើកឡើងដូចជាគ្មានក្រមសីលធម៌បែបនេះទេ។
ជុំវិញបញ្ហាដូចខាងលើ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា បឹងឈូកជាបឹងធម្មជាតិរបស់រដ្ឋដាច់ខាតមិនអាចឲ្យបុគ្គលមួយគ្រួសារទន្ទ្រានយកតាមតែអំពើចិត្តឡើយ។ចំពោះរឿងទំនាស់ដីបឹងឈូក គឺផ្តើមឡើងរវាងប្រជាពលរដ្ឋមួយគ្រួសារនិងប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិតក្នុងឃុំចំនួនពីរ គឺឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត ទើបអាជ្ញាធរទប់ស្កាត់ ហើយមិនអាចធ្វើប័ណ្ណកម្មសិទ្ធិជូនតាមការស្នើសុំនោះបានឡើយ ព្រោះទីតាំងនេះជាជ្រលងបង្ហូរទឹក និងជាអាងស្តុកទឹកប្រើប្រាស់រួមគ្នា។
សូមបញ្ជាក់ថា៖ ដីបឹងឈូករបស់រដ្ឋស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត កន្លងមកបុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ បានឲ្យគេគូសប្លង់ក្លែងក្លាយដើម្បីបង្ហាញទីតាំងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់… ហើយកាលណោះ.. ឯកឧត្តម ចាន់ ចេស្តា អតីតអភិបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹង(ស ជ ណ)ដើម្បីឲ្យរដ្ឋបាលស្រុកពិនិត្យតាមលទ្ធភាពជាក់ស្តែង។បន្ទាប់ពីមាន(ស ជ ណ)ហើយក៏មិនទាន់បានប្រកាសទិន្នន័យផង ស្រាប់តែ លោក សំ អេន ហៅរថយន្តឲ្យមកចាក់ដីបំពេញនៅក្នុងបឹងឈូកនេះ ដោយពោលពាក្យថាអភិបាលខេត្តឲ្យចាក់ ឃើញសកម្មភាពបែបនេះប្រជាពលរដ្ឋរាប់រយគ្រួសារក៏ប្តឹងទំទាស់ភ្លាមៗ ទើបរដ្ឋបាលស្រុកកំពង់ត្រាច ទៅបញ្ឈប់តែម្តង។
គេចាំមើលថាប្រជាពលរដ្ឋមួយគ្រួសារនិងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារខាងណាទទួលបានយុតិ្តធម៌៕ សេង ណារិទ្ធ







