(ខេត្តកំពត)៖ សេចក្តីកំណត់ ស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ត្រូវបានរៀបចំឡើងក្នុងសាលមហោស្រពខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អមដំណើរដោយសមាជិក សមាជិកា ក្នុងជួរគណបក្សប្រមាណ៦០០នាក់។
លោក ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានឲ្យដឹងថា អង្គការចាត់តាំង មានតួនាទីជាជំនួយការឲ្យគណបក្សលើការងារបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺក្តាប់ជាប់កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស។បញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយរបស់គណបក្សទៅយុវជន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭកជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស ទៅបោះឆ្នោត និងបោះឲ្យគណបក្ស។រៀបចំយុវជនដែលមានគ្រប់លក្ខណៈសម្បតិ្តឲ្យចូលរៀនវគ្គបណ្តុះបណ្តាល ឬកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលរៀបចំដោយគណបក្ស អង្គការនានាដែលធ្វើប្រតិបតិ្តការជាមួយគណបក្ស និងបណ្តាប្រទេសជាមិត្ត។
លោក ភុន សារពេជ្រ បានបន្តថា យុវជនគណបក្សថ្នាក់កណ្តាលមានសិទ្ធិ បង្កើតនិងរៀបចំសមាសភាពនៃលេខាធិការដ្ឋាន និងផ្នែកចំណុះរបស់ខ្លួន និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជនកម្ពុជានៅក្រៅប្រទេស ស្របតាមសេចក្តីសម្រេចនិងគោលការណ៍ណែនាំនានារបស់គណបក្ស ហើយត្រូវណែនាំកំណត់អំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់លេខាធិការដ្ឋាន បណ្តាផ្នែកចំណុះនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ត្រូវសហការជាមួយគណៈកម្មាធិការគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញអនុវត្តឲ្យសម្រេចបាននូវរាល់ភារកិច្ចការងារយុវជនស្របតាមសេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្សប្រជនកម្ពុជា។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា យុវជនទាំងបីក្រុម ដែលមានចំនួន៦០០នាក់ នោះដើម្បីងាយស្រួលគ្រប់គ្រង ត្រូវបែងចែកជាក្រុមតូចៗ ដោយក្រុមយុវជនទាំងអស់ត្រូវរួមសហការគ្នាជាធ្លុងមួយដើម្បីដំណើរការមានភាពល្អប្រសើរ។ជាមួយគ្នានេះ លោកក៏បានជំរុញដល់ក្រុមយុវជនទាំងអស់ត្រូវចូលរួមអនុវត្តការងាររួមគ្នា ពិសេសការស្មោះត្រង់ និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។លោកថាយុវជនរបស់គណបក្សប្រជាជនកម្ពុជា មានគោលការណ៍រួមតែមួយ គឺអនុវត្តការងារដើម្បីបម្រើគណបក្ស ជួយគាំទ្រគណបក្សដោយចិត្តស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យប្រធានយុវជនទាំងបី រៀបចំជាតារាងកម្មវិធីឲ្យបានច្បាស់លាស់ក្នុងការចូលរួមកម្មវិធីកំពតសង្ក្រាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ក្នុងនោះដែរដើម្បីលើកទឹកចិត្តដល់យុវជនដែលបានចំណាយពេលវេលា និងកម្លាំងចិត្តចូលក្នុងព្រឹត្តការណ៍កំពតសង្ក្រាន្តឆ្នាំ២០១៩ចំនួនបីថ្ងៃឲ្យកាន់តែមានភាពអធិកអធម លោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាដល់យុវជនម្នាក់ៗ៣០ដុល្លារ ដែលមានយុវជនទាំងបីក្រុមសរុប៦០០នាក់ ស្មើនឹងទឹកប្រាក់ចំនួន១៨.០០០ដុល្លារ៕
សេង ណារិទ្ធ













