(ខេត្តកែប)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៩នេះ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប បានទទួលជួបប្រតិភូខេត្តគៀងយ៉ាង ដឹកនាំដោយលោកស្រី ដាំង ង្វៀង អែម អនុលេខាធិការបក្សខេត្តគៀងយ៉ាង អញ្ជើញមកជូនពរបុណ្បចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលប្រជុំសាលាខេត្តកែប។
មានប្រសាសន៍សំណេះសំណាល លោក កែន សត្ដា អភិបាលខេត្តកែប ចាត់ទុកការអញ្ជើញមកជូនពរនាពេលនេះពិតជាមានសារៈសំខាន់ ក្នុងន័យដើម្បីរិតចំណងសាមគ្គីភាពឲ្យកាន់តែស្អិតល្មួត រវាងខេត្តកែប និងខេត្តគៀងយ៉ាង។ ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អនឹងគ្នា ខេត្តគៀងយ៉ាង តែងតែជួយឧបត្ថមគាំទ្រ ទាំងស្មារតី សម្ភារៈ ដល់ខេត្តកែប។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ(ខេត្តកែប-ខេត្តគៀងយ៉ាង)ពិតជាមានភាពល្អប្រសើរ ប្រៀបដូចជាសាច់ញាតិ បងប្អូនតែមួយ ដោយបានរួមសុខរួមទុក្ខជាមួយគ្នា និងប្រកបរបររកស៊ី មានភាពសុខសាន្ត និងរីកចម្រើនជាលំដាប់។
សូមជម្រាបថា៖ ការទទួលជួបប្រតិភូខេត្តគៀងយ៉ាង នាព្រឹកនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ៕ សេង ណារិទ្ធ













