(ខេត្តកំពត) ៖ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយចាត់តាំងអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៅខេត្តកំពត ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត។ កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួម ពីសំណាក់ លោក លោកស្រីដែលជាថ្នាក់ដឹកនាំនិងជា សមាជិកក្រុមការងារ ថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក សរុបប្រមាណចំនួនជាង៤០០នាក់។
លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានធ្វើសន្ទរកថាស្វាគមន៍ថ្លែងអំណរគុណចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំចុះមូលដ្ឋានខេត្តកំពតគ្រប់លំដាប់ថ្នាក់ក្នុងសកម្មភាពរួមចំណែកបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ និងឈានទៅឆ្លើយតបបាននូវសំណូមពរនិងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ ការជឿជាក់និងក្ដីសង្ឃឹម របស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានខេត្តកំពតក្នុងរយៈកាលកន្លងមកនេះបានល្អប្រសើរ។ ទន្ទឹមលទ្ធផលសកម្មភាពរបស់ក្រុមការងារសម្រេចបានតាមរយៈអង្គវេទិកានៅមូលដ្ឋានកន្លងមកនេះ លោក ជាវ តាយអភិបាលខេត្ត ក៏បានលើកបញ្ជាក់ពីបញ្ហាប្រឈមនិងបញ្ហាការលំបាកសេសសល់មួយចំនួនដែលទាមទារធ្វើការដោះស្រាយឲ្យបានច្បាស់លាស់ឆាប់រហ័យ និងប្រកបដោយប្រសិទ្ធភាពផងដែរ ។គឺក្នុងនោះរួមមានពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ថ្នាក់ជាតិ និងឯកជនដែលហួសពីលទ្ធភាពឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាននៅក្នុងអង្គវេទិកានានា ពោលគឺ៖ការសុំចុះតម្លៃទឹក ភ្លើង ការពង្រីកប្រព័ន្ធបណ្ដាញថ្មីុ ការសុំផ្ដល់កម្មសិទ្ធលើដីព្រៃឬទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ការសុំចុះតម្លៃពន្ធអាករ ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្នាតធំទំហំច្រើនតម្លៃខ្ពស់ជាដើមរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកានីមួយៗផងដែរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះលទ្ធផលការងារកើតចេញពីការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំនៃក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ដែលបានចុះបំពេញភារកិច្ចការងារអនុវត្តនូវកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់ទី៣របស់រាជរដ្ឋាភិបាលក្នុងខេត្តកំពត កន្លងមកទទួលលទ្ធផលបានល្អប្រសើរ។ លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ក៏បានបញ្ជាក់ថា៖បើទោះបីសមាជិកក្រុមការងារទាំងអស់មានក្រសួងស្ថាប័ន ផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែបានឆ្លុះបញ្ចាំងនូវសាមគ្គីភាពសហការបានល្អ ក្នុងការចុះបំពេញភារកិច្ច នៅមូលដ្ឋានគ្រប់អង្គវេទិកាសាធារណៈ ដើម្បីស្ដាប់សំណូមពរ បញ្ហាកង្វល់លំបាកនិងបញ្ហាប្រឈមនានា ដោយបានដោះស្រាយជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរកន្លងមក។ លោកក៏បានចាត់ទុកអង្គវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលនៅតែមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនិងដើម្បីឆ្លើយតបដោះស្រាយសំណូមពរក្ដីកង្វល់និងបញ្ហាប្រឈមនានាមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានការយល់ដឹងនិងមានជំនឿប្រកបដោយភាពកក់ក្ដៅមកលើរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត៕
សេង ណារិទ្ធ






