(ខេត្តកែប)៖ ទិវាវប្បធម៌ជាតិ ៣មីនាលើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ”យុវជន ដើម្បីវប្បធម៌ជាតិ” ត្រូវបានប្រារព្ធឡើង នារសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប។
ពិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រុមកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥០៨នាក់។
តាមរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែបបានឲ្យដឹងថា ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩នេះ មន្ទីរបានដឹកនាំក្រុមសិល្បៈយុវជន ទម្រង់ជារបាំប្រពៃណី ដែលមានឈ្មោះថា “នេសាទ” ទៅចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៤។ជាលទ្ធផល ទទួលបានចំណាត់ថ្នាក់ជ័យលាភី “ថ្នាក់កិត្តិយស” ដែលបានទទួលផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ពិធីបិទមហោស្រពសិល្បៈទូទាំងប្រទេស ពិធីពិសារអាហារសាមគ្គីជាមួយ សិល្បករ សិល្បការិនី នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញ។
ក្នុងពិធីនេះ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ទិវាវប្បធម៌ជាតិ ពិតជាឆ្លុះបញ្ចាំងនូវផ្នត់គំនិត ក្នុងគោលបំណងដើម្បីឲ្យយុវជន និងកុមារដែលជាអ្នកបន្តវេនយល់ដឹងកាន់តែច្បាស់ពីតម្លៃដ៏វិសេសវិសាល នៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងធ្វើឲ្យពួកគេចូលរួមចំណែកថែរក្សា លើកតម្កើងកេរដំណែល និងអភិវឌ្ឍន៍វប្បធម៌ជាតិដ៏ថ្លៃថ្លារបស់បុព្វបុរសយើងដែលបានបន្សល់ទុក សំដៅចូលរួមចំណែកដល់ការកាត់បន្ថយឥទ្ធិលវប្បធម៌អវិជ្ជមានពីខាងក្រៅ។ម្យ៉ាងទៀតក៏បានធ្វើឲ្យស្រទាប់យុវជនទូទាំងប្រទេសបង្កើនការស្រឡាញ់ និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀតក្នុងការផ្ទេរ និងការទទួលយកចំណេះជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ការថែរក្សា ការពារវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ ថែមទាំងបានលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់នៃតម្លៃវប្បធម៌ជាតិយើង ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
មានប្រសាសន៍ទៅកាន់អង្គពិធីនេះ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់ពុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ លោកបានបន្តថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើង សំដៅជំរុញការផ្សព្វផ្សាយបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចចូលរួមថែរក្សា ការពារឲ្យស្ថិតស្ថេរគង់វង្សនូវសម្បតិ្តវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕








