(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សហគមន៍អ្នកប្រើប្រាស់ទឹកនៅភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូកខេត្តកំពត។
គោលបំណងនៃការចុះដល់មូលដ្ឋានរបស់ លោក ជាវ តាយ អភិបាលខេត្ត និងប្រតិភុូមន្ត្រីជំនាញពាក់ព័ន្ធនាពេលនេះគឺដើម្បីស្វែងយល់ពីស្ថានភាពនៃបញ្ហាតម្រូវការ បញ្ហាសំណូមពរនិង បញ្ហាប្រឈមនានាដែលពាក់ព័ន្ធលើការងារបង្កបង្កើតផលនិងការងារគ្រប់គ្រងប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅអាងទំនប់ទឹកត្រពាំងបឹងក៏ដូចជាមូលដ្ឋានដទៃទៀតផងដែរ។
តាមសេចក្ដីរាយការណ៍របស់ អាជ្ញាធរស្រុកក៏ដូចមន្រីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឲ្យដឹងថា៖ក្នុងស្រុកឈូក នៃខេត្តកំពត ដោយមានកិច្ចខិតខំយកចិត្តទុកដាក់ជួយទាំងស្មារតីនិងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះ មានអាងទំនប់ទឹកសំខាន់ៗចំនួន០៤កន្លែងដែលផ្ដល់ប្រយោជន៍ដល់ការប្រើប្រាស់ទឹក ក៏ដូចការងារកសិកម្មសម្រាប់ប្រជាពលរដ្ឋ គឺក្នុងនោះមានអាងទំនប់ទឹកត្រពាំងបឹង អាងទំនប់ទឹកអូរឃ្លៃ អាងទំនប់ទឹកថ្មពូក និងអាងទំនប់ទឹកបឹងនិមល។ ដោយឡែកសម្រាប់អាងទំនប់ទឹកត្រពាំងបឹងដែលបានចុះពិនិត្យស្វែងយល់ស្ថានភាពពេលនេះ គឺមានទំហំ ប្រមាណ១.០០០ម៉ែត្របួនជ្រុងជុំវិញផ្ទៃអាងដែលអាចស្តុកទឹកបានប្រមាណ៦លានម៉ែត្រគុប និងអាចនាំទឹកស្រោចស្រប់ផ្ទៃដីក្នុងភូមិមួយចំនួនក្នុងឃុំចំនួន៤ គឺឃុំត្រមែង ឃុំបានៀវ ឃុំសត្វពង និងឃុំក្រាំងស្បូវ។
មានប្រសាសន៍ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ជាវ តាយអភិបាលខេត្ត បានបញ្ជាក់ថា៖ ចំពោះបញ្ហានយោបាយទឹក គឺជាបញ្ហាមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់ជាសំខាន់។ ជាការជាក់ស្ដែង សម្រាប់ឆ្នាំនេះតាមការព្យាករណ៍ របស់ឧតុនិយម អាចអូសបន្លាយភាពរាំងស្ងួតពុំមានភ្លៀងធ្លាក់មានរយៈពេលយូរ។ដូច្នេះឆ្នាំនេះសម្ដេចតេជោ ហ៊ុន សែន តែងបានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងប្រើប្រាស់នូវប្រភពទឹកនានាឲ្យបានល្អដើម្បីបង្កានៃការខ្វះខាតទឹកប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលអាចកើតឡើង ដោយយថាហេតុគឺមិនត្រូវទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះខាតទឹកប្រើប្រាស់ឡើយ។
លោក ជាវ តាយ ក៏បានកោតសរសើរដល់ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមជំរុញការងារបង្កបង្កើតផលជាលក្ខណៈគ្រួសារដើម្បីបង្កនជីវភាពឲ្យបានកាន់តែល្អប្រសើរ និងក៏បានសំណូមពរផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋត្រូវប្ដូរផ្នត់គំនិតការដាំដុះឲ្យស្របតាមលក្ខណៈបច្ចេកទេសកសិកម្មជឿនលឿននាពេលបច្ចុប្បន្ន ពោលគឺត្រូវចេះថ្លឹងថ្លែងជ្រើសរើសពូជ ពេលវេលា តម្រូវការទីផ្សារ នឹងត្រូវចេះគ្រប់គ្រងប្រើប្រាស់ទឹកក្នុងទំនប់អាងទឹកត្រពាំងបឹងនេះឲ្យបានត្រឹមត្រូវ ទៅតាមយន្តការនៃសហគមន៍ប្រើប្រាស់ទឹកដែលមន្ត្រីជំនាញណែនាំគឺមិនត្រូវប្រណាំងប្រជែងប្រើប្រាស់ទឹកខ្វះការសន្សំសំចៃនាំឲ្យខូចខាតប្រយោជន៍ទាំងអស់គ្នាដែលនៅចំពោះមុខនេះទឹកក្នុងអាងទំនប់អាចប្រឈមខ្វះខាតទឹកប៉ះពាល់ដល់ដំណាំស្រូវមួយចំនួន បើយើងមិនរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយនិងរួមគ្នាទទួលខុសត្រូវ។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានជូនថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋានព្រមទាំងកងកម្លាំងដែលបានចូលរួមនាពេលនោះផងដែរ ៕
សេង ណារិទ្ធ













