សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវ ការពិធីបុណ្យទន្លេលើកទី៥ឆ្នាំ២០១៩ ដែលបានប្រារព្វធើ្វ នៅទីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៦ខែមីនានេះ ។រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍” រួមចំណែកដល់ការអភិវឌ្ឍសេចកិច្ច-សង្គម តាមរយៈការបង្កើតនិងបង្កើនឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជំរុញការនាំចេញនៅនឹងកន្លែងទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតប និងបម្រែបម្រួលអា កាសធាតុ ដែលជាបញ្ហាប្រឈមជាសាកល។
ក្នុងសារលិខិតចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុ ជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកប ដោយភាពកក់ក្តៅ ស្របពេលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គបានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជាក៏ដូចជាតំបន់អាស៊ាន។ ពិធីបុណ្យទន្លេលើកទី៥ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជននិងទេសចរណ៍»។ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងធំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេស ចរណ៍ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយ ដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។
សារលិខិតសម្តេចតេជោ បញ្ជាក់ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពួនជ្រំនូវវប្បធម៌ និង អរិយធម៌។ «តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្ស និងរស់ នៅដោយបណ្តុំគ្នា ពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលមិនត្រឹមតែជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង ប៉ុណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការរឹតចំណងធម្មជាតិនៃការជួយយកអាសាគ្នាផងដែរ។ វាបានផ្សារក្លាប់ប្រទេសនានាដែលហួបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយដែលប្រកបដោយសមភាពជួយយកអាសានិងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ»។សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថារាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជាដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្មោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំ បន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការ ទទួលខុសត្រូវ ។ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចមូលដ្ឋានការការពារ និងអភិរក្សធនធានធម្ម ជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់ លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យទន្លេលើកទី៥នេះ «ទន្លេផ្សារក្ជាប់សន្តិភាព ប្រជាជន និង ទេសចរណ៍»។
សម្តេចតេជោបន្ថែមថា ព្រឹត្តិការណ៍នេះក៌ជាឱ កាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការ បង្កើត និង អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេស ចរណ៍តាមនាវាសហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់ចំណងមិត្តភាពសាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាននិងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជា ក្រុបខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ដប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។
សម្តេចតេជោហ៊ុនសែនក៏បានអះអាងផងដែរថារាជរដ្ឋាភិបាលនឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារឿងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដង ទន្លេ។ ពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៩។
មានស្ដង់ចូលរួមតាំងពិព័រណ៍ផលិតផលនានាសរុប ៣៩៥ស្ដង់ ក្នុងនោះមានស្ដង់បរទេសចំនួន ៤០ស្ដង់ផងដែរ។ ក្រៅពីការតាំងពិព័រណ៍ ក្នុងពិធីបុណ្យទន្លេនេះក៏មានសកម្ម ភាពកីឡា សិល្បៈ កម្សាន្តជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យទន្លេត្រូវបានរៀបចំធ្វើឡើងលើកដំបូងនៅខេត្តក្រចេះក្នុងឆ្នាំ២០១៥, លើកទី២ ធ្វើឡើងនៅខេត្តកំពង់ចាម (រាប់ទាំងខេត្តត្បូងឃ្មុំ), លើកទី៣ធ្វើឡើងនៅខេត្តស្ទឹងត្រែង លើកទី៤ធ្វើឡើងនៅខេត្តកណ្ដាល និង លើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ៕ ដោយ ៖ សហការី



