(ខេត្តកំពត)៖ ជាទូទៅបណ្តាញខ្សែកាបដែលគេតព្រោងព្រាតនៅតាមភូមិសាស្ត្រក្រុងកំពត ពិតជាមានភាពរញ៉េរញ៉ៃ ថែមទាំងគ្មានរបៀបរៀបរយ បង្កជាការរិះគន់ឥតសំចៃពីសំណាក់មហាជន ក៏ដូចជាអ្នកដំណើរទេសចរណ៍ផងដែរ។
យ៉ាងណាមិញ បណ្តាញខ្សែកាបដែលកំពុងបង្អួតក្រសែភ្នែកមហាជនក្នុងក្រុងកំពតនេះ មិនត្រឹមតែធ្វើឲ្យខូចសោភ័ណភាពក្នុងក្រុងកំពតនោះទេ ថែមទាំងបានបង្កការភ័យខ្លាចដល់មហាជនទៀតផង។
ពាក់ព័ន្ធនឹងបណ្តាញខ្សែកាប តម្រៀបស្អេកស្កះតាមបង្គោលបូកឡូកជាមួយនឹងខ្សែចរន្តអគ្គិសនីក្នុងក្រុងកំពត កន្លងមក លោក ជាវ តាយ អភិបាលខេត្តកំពត តែងតែលើកឡើងក្នុងកិច្ចប្រជុំនានា ដោយលោកអភិបាលបានជំរុញដល់ផ្នែកជំនាញ ពិសេសមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងអង្គភាពអគ្គិសនីក្នុងខេត្តត្រូវយកចិត្តទុកដាក់ ដូចជាការរៀបចំបណ្តាញខ្សែកាប និងខ្សែភ្លើងឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ដោយធ្វើទៅតាមបច្ចេកទេស ជៀសវាងបង្កភាពរញ៉េរញ៉ៃបែបនេះ។
លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍មានតួនាទីសំខាន់ក្នុងការអនុវត្តផ្ទាល់ និងទទួលខុសត្រូវទាំងស្រុងលើបញ្ហាខ្សែកាបដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពរបស់ខេត្តយើង ប៉ុន្តែប្រសិនបើមិនគោរពទៅតាមគោលការណ៍ផ្អែកតាមសេចក្តីជូនដំណឹងនោះទេ រដ្ឋបាលខេត្តនឹងចាប់ផ្តើមរៀបចំអនុវត្ត គឺកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាបនៅតាមទីប្រជុំក្នុងក្រុងកំពត និងនៅតាមដងផ្លូវនានាជាបន្តបន្ទាប់ ដោយចាប់ផ្តើមអនុវត្តពីចុងខែមីនា ឆ្នាំ២០១៩នេះតែម្តង៕ សេង ណារិទ្ធ





