ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងខេត្តប៉ៃលិន កំពុងតែព្រួយបារម្ភអំពីប ញ្ហាប្រឈមយ៉ាងខ្លាំងចំពោះសុខភាព ដោយសារតែក្រុមឈ្មួញបាននាំយកត្រី សាច់ជ្រូក ប្រហិត ស្លាបមាន់ ជង្គង់មាន់ សាច់មាន់ និងបន្លែផ្លែឈើគ្រប់ប្រភេទ មកពីប្រទេសថៃចូលទៅលក់ដូរក្នុងទីផ្សារនានានៅខេត្តប៉ៃលិន ខណៈមន្ត្រីកាំកុងត្រូលប្រចាំការទ្វារច្រកអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅពុំបានត្រួតពិនិត្យគ្រឿងឧបភោគបរិភោគទាំងនោះឱ្យបានដិតដល់នោះឡើយ ដោយគិតតែពីយកលុយតាមទំហំនៃការដឹកទំនិញប៉ុណ្ណោះតែបើសិនជាចរចាមិនត្រូវរូវគ្នាម ន្ត្រីទាំងនោះនឹងឃាត់ទំនិញនោះទុកដើម្បីបញ្ជូនទៅតុលាការឱ្យចាត់ការជាក់ជាមិនខានឡើយ។
ជាក់ស្តែង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ គេសងេ្កតឃើញសកម្មភាពនៃការនាំចូលរបស់ទាំងនោះមកលក់ដូរនៅក្នុងទឹកដីខេត្តប៉ៃលិនតាមម៉ូតូ និងម៉ូតូរ៉ឺម៉កជាច្រើនគ្រឿង តែគ្មានមន្ត្រីកាំកុងត្រូលណាម្នាក់អើពើ និងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យនោះឡើយប្រហែលជាពួកគេត្រូវរូវជាមួយឈ្មួញទាំងនេះអស់ហើយ។
ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ទំនិញដែលឈ្មួញនាំចូលមកពីប្រទេសថៃមានដូចជា ផ្លែឈើ សាច់ត្រី ប្រហិត សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ សាច់ជ្រូក និងគ្រឿងហូបផ្សេងៗជារៀងរាល់ព្រឹក ហើយត្រូវបានក្រុមមន្ត្រីកាំកុងត្រូលឲ្យបង់លុយតាមភាពជាក់ស្ដែង ក្នុងនោះរទេះតូចចាប់ ពី៥ពាន់ ទៅ១ម៉ឺនរៀល បើម៉ូតូរ៉ឺម៉កត្រូវបង់ចាប់ពី២ម៉ឺន ទៅ៥ម៉ឺនរៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យនាំចូលយ៉ាងរលូនមកលក់ដូរនៅក្នុងទឹកដីខេត្តប៉ៃលិន ដោយពួកគេមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវអ្វីនោះឡើយ ។
ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុខភាព ពីព្រោះគេកត់សម្គាល់ឃើញថា ជារាល់ថ្ងៃមានមនុស្សម្នាក្មេងចាស់ប្រុស្រី ស្ទើរតែគ្រប់គ្នាមានបញ្ហា ប្រឈមនឹងជម្ងឺរលាកក្រពះ ពោះវៀន ទឹកនោមផ្អែម ព្រៃ ជម្ងឺបេះដូង និងជម្ងឺរោគាផ្សេងៗជាច្រើន ដោយគេសង្ស័យថា បង្កឡើងដោយការហូបត្រី សាច់ បន្លែ មានសារធាតុពុល និងជាតិគីមី ដែលគេ ដាក់ក្នុងម្ហូបអាហារទាំងនោះ ហើយយកទៅដាក់លក់នៅទីផ្សារលុះប្រជាពលរដ្ឋទិញទទួលទានក៏រង ការប៉ះពាល់តែម្តង ។ ចំណែកអ្នកខ្លះទៀត បន្ទាប់ពីទិញបន្លែ ដូចជា ត្រឡាច ល្ពៅ ត្រសក់ ស្ពៃ យកមកធ្វើម្ហូបរួចនាំក្រុមគ្រួសារហូបរួច ស្រាប់តែទៅជាក្អួតចង្អោរឈឺក្បាលវិលមុខ និងស្ពឹកដៃជើងថែមទៀតផង ។
ជាមួយគ្នានេះដែរ គេសង្កេតឃើញកាំកុងត្រូលសាខាខេត្តប៉ៃលិន ប្រចាំច្រកទ្វារអន្តរជាតិព្រំ ឧស្សាហ៍ចុះទៅត្រួតពិនិត្យតាមផ្សារនីមួយៗដែរ តែហាក់ដូចជាចង់ធ្វើបង្ហាញឱ្យគេឃើញថា ចុះមកត្រួតពិនិត្យដែរ តែតាមការពិតទំនិញហួសកាលបរិច្ឆទនៅតាមតូបនានា និងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ក៏នៅមានសេសសល់ជាច្រើនដែរ ដូចជាទឹកស៊ីអ៊ីវ ទឹកត្រី នំកញ្ចប់តូចធំ និងទឹកអាស៊ីត (ហៅទឹកខ្មេះ) កំពុងតែត្រូវបានអាជីវករដាក់តាំងលក់ដោយមិនគិតខ្វល់អំពីបញ្ហាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅនោះឡើយ ហើយបើសិនជាអ្នកស្រែចម្ការនាំគ្នាមកទិញទៅទទួលទានដោយមិនបានយល់ដឹង និងមិនបានពិនិត្យស្លាកសញ្ញាឱ្យបានច្បាស់លាស់នៅថ្ងៃខាងមុខ នឹងប៉ះពាល់ដល់សុខភាពជាក់ជាមិនខានឡើយ ។ ម្យ៉ាងវិញទៀត បើទោះបីជាខាងមន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន និងមន្ទីរពាណិជ្ជកម្មខេត្តសហការគ្នាចុះចាប់ជាញឹកញាប់យ៉ាងណាក៏មិនអស់នោះដែរ បើសិនជាមិនព្រមទប់ស្ងាត់ និងត្រួតពិនិត្យនៅត្រង់កន្លែងច្រកទ្វារដែលនាំចូលជាមុនដំបូងឱ្យបានដិតដល់នោះទេ ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក សាន វិជ្ជាសារ៉ាវុទ្ធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិនប្រចាំច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ នេះថា លោកទទួលស្គាល់ថាទំនិញខ្លះមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវមែន ប៉ុន្តែយោងទៅតាមសាវតាក្រុមហ៊ុន និងអ្នកដឹកអ្នកលក់ ធ្លាប់មានប្រវត្តិល្អឬអាក្រក់ ហើយទំនិញខ្លះខាងលោកចុះទៅត្រួតពិនិត្យដល់ឃ្លាំងផ្ទាល់ដែរ ។ លោកបន្តទៀតថា លោកក៏បានណែនាំដល់មន្ត្រីរបស់ខ្លួនដែលប្រចាំការនៅប៉ុស្តិ៍ច្រកទ្វារ ឱ្យត្រួតពិនិត្យទំនិញយ៉ាងត្រឹមត្រុវជៀសវៀងប្រព្រឹត្តអំពើពុករលួយកើតឡើង ។ ចំណែកអ្នកលក់ដូរទំនិញហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់ លោកតែងតែចុះ ទៅអប់រំជាញឹកញាប់ ដើម្បីណែនាំឱ្យយល់ដឹង និងបញ្ឈប់លក់ទំនិញដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពល រដ្ឋផងដែរ ៕ អត្ថបទ នីយ៉ា





