ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ការវាស់វែងបណ្តោះអាសន្ន មិនអាចលុបផែនទីឆ្នាំ១៩០៧ បានឡើយ៖ សញ្ញាជោគជ័យនៃយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់កម្ពុជា

ការវាស់វែងបណ្តោះអាសន្ន មិនអាចលុបផែនទីឆ្នាំ១៩០៧ បានឡើយ៖ សញ្ញាជោគជ័យនៃយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅពេលពិភពលោកកំពុងសម្លឹងរង់ចាំព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, ក្រុមបច្ចេកទេស និងអ្នកនយោបាយនៃប្រទេសកម្ពុជានិងថៃ បានបំពេញកិច្ចការផ្ទៀងផ្ទាត់លើបញ្ហាសន្តិសុខ និងបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ បានរួចរាល់ជាស្រេច។ រាប់ចាប់ពីការយល់ព្រមលើការវាស់វែងបណ្តោះអាសន្ននៅតំបន់ជម្លោះ ដល់ការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌប្រតិបត្តិ TOR សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT), ជំហានទាំងនេះ បានបង្ហាញថា យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់កម្ពុជា កំពុងបម្លែងភាពប្រឈមមុខដាក់គ្នា ដើម្បីក្លាយជាសម្លេងសន្តិភាពតាម ព្រំដែនកម្ពុជានិងថៃវិញហើយ។
សូមទស្សនាអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive៖

នៅពេលពិភពលោកកំពុងរាប់ថយក្រោយ ក្នុងការរង់ចាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នោះគឺការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម, កម្ពុជាបានបង្ហាញពីភាពជោគជ័យមួយដ៏ច្បាស់លាស់នៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» «Quiet But Not Silente»។ ក្នុងរយៈពេលពីទៅបីថ្ងៃជាប់គ្នាមកនេះ រាប់ចាប់តាំងពីកិច្ចប្រជុំយន្តការ JBC ឈានទៅដល់សុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងទាំងកិច្ចប្រជុំ GBC ថ្ងៃទី២៣ តុលា,កម្ពុជានិងថៃ បានបញ្ចប់ជំហានចុងក្រោយនៃការផ្ទៀងផ្ទាត់លើចំណុចដែលត្រូវព្រមព្រៀងគ្នានៅមុនថ្នាក់ដឹកនាំទាំងពីរត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡំពួរ។

លទ្ធផលដែលបានលេចឡើងជាបន្តបន្ទាប់រួមទាំងសុន្ទរកថាដ៏មានអត្ថន័យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយសន្តិភាព ដោយប្រើប្រាស់ភាពអត់ធ្មត់ ប្រើប្រាស់បញ្ញានិងការគិតជ្រាលជ្រៅ ធ្វើជាអាវុធដ៏រឹងមាំ ក្នុងការផ្លាស់ប្តូរពីស្ថានការណ៍តានតឹង ឲ្យវិលត្រឡប់ទៅរកស្ថិរភាពនយោបាយនិងសន្តិភាព។ ជោគជ័យទាំងនេះ កើតចេញពីជំហានជាក់ស្តែង ចាប់ពីការវាស់វែងបណ្តោះអាសន្ននៅតំបន់ជម្លោះ ឈានដល់ការសម្រេចកាត់បន្ថយអាវុធធុនធ្ងន់ និងការវិឡត្រលប់អាវុធធុនធ្ងន់ទៅមូលដ្ឋានដើម និងបន្តមកទៀតដល់ការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ អ្វីទាំងនេះបង្ហាញថា «ភាពស្ងាត់» របស់កម្ពុជា មិនមែនជាការស្ងៀមឡើយ ប៉ុន្តែជាសម្លេងសន្តិភាពដ៏រឹងមាំ ដែលកំពុងត្រូវបានអនុវត្តតាមយន្តការច្បាប់អន្តរជាតិ និងការទូតជាក់ស្តែង នៅតាមបណ្តោយព្រំដែនជាតិនៃប្រទេសទាំងពីរ។

* យន្តការ JBC៖ ការវាស់វែងបណ្តោះអាសន្ន តែរក្សាអធិបតេយ្យភាព

កិច្ចប្រជុំ JBC នៅថ្ងៃទី២១-២២ តុលា បានឯកភាពលើ៧ចំណុចសំខាន់ រួមទាំងការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលលេខ៤២-៤៧ ក្នុងតំបន់ភូមិជោគជ័យ និងព្រៃចាន់។ កិច្ចប្រជុំនេះបានសម្រេច ៧ចំណុចសំខាន់ដែលរួមមាន៖ ការសាងសង់ឡើងវិញ បង្គោលព្រំដែន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង, សាងសង់បង្គោលលិចទឹកចំនួន៣, ពន្លឿនឯកសារលក្ខខណ្ឌប្រតិបត្តិ TOR ឆ្នាំ២០០៣ ដោយប្រើបច្ចេកវិទ្យា LiDAR Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន និងសម្រេចឱ្យមានការវាស់វែងចន្លោះបង្គោលលេខ៤២-៤៧ ធ្វើឡើងដោយជំហានបច្ចេកទេសបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងការវាស់វែងនេះ ចំណុចទី៦ បានសរសេរយ៉ាងច្បាស់លាស់ថា៖ «ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើការវាស់វែងតែប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិឡើយ»។

អ្វីទាំងនេះ គឺជាសញ្ញាថា ទោះថៃប្រើយុទ្ធសាស្ត្រលួចកាត់បន្តិចម្តង Salami Slicing យ៉ាងណា ក៏ដោយ ក៏មិនអាចលុបឯកសារផែនទីបារាំងសៀម ឆ្នាំ១៩០៤និង១៩០៧ ឬការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានឡើយ។ ដីខ្មែរដែលរងការបំពាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺនៅតែជាផ្នែកនៃអធិបតេយ្យភាពកម្ពុជាជាដដែល ពីព្រោះក្នុងចំណុចទី៦ នៃសេចក្តីថ្លែងការណ៍រួមរបស់ JBC បានបញ្ជាក់ថា «ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើការវាស់វែងតែប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិឡើយ»។ នៅក្នុងសេចក្តីបញ្ចប់ យន្តការ JBC បានកំណត់ថា ពួកគេនឹងធ្វើកិច្ចប្រជុំជាបន្ទាប់ ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២៦ ដែលការកំណត់នេះ ជាសញ្ញាបង្ហាញថាការពិភាក្សានេះ នឹងបន្តទៅមុខដោយសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាអាវុធដ៏ខ្ពង់ខ្ពស់

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារពិសេសមួយជូនដំណឹងដល់ជនរួមជាតិទាំងអស់ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា ការដោះស្រាយបញ្ហាព្រំដែន គឺជាការងារស្មុគស្មាញ ដែលតម្រូវឲ្យមានភាពអត់ធ្មត់ ការគិតជ្រាលជ្រៅនិងការប្រើប្រាស់សន្តិវិធីជាជំហានដ៏សំខាន់។

សម្តេចបានលើកឡើងថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការរក្សាស្ថិរភាព និងការពារជីវិតប្រជាពលរដ្ឋ ដោយទប់ស្ថានការណ៍មិនឱ្យរីករាលដាល និងស្វែងរកដំណោះស្រាយនៅនឹងកន្លែងឱ្យបានឆាប់រហ័ស។ ដើម្បីសម្រេចបាននោះ កម្ពុជាបានប្រើប្រាស់ភាពអត់ធ្មត់ និងសន្តិវិធីជាឧបករណ៍សំខាន់ក្នុងការដោះស្រាយជម្លោះ ព្រោះការប្រើអាវុធ ឬហិង្សា មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាងមុនទៀត។

សម្តេចបវរធិបតី បានបញ្ជាក់ថា៖ «គ្មានការលួចឯកភាពក្នុងការកាត់ទឹកដីណាមួយដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាទៅឱ្យប្រទេសណាមួយឡើយ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ្នកណា ប៉ុន្តែក៏មិនយល់ព្រមឱ្យអ្នកណារុលចូលលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ»

ក្នុងការបញ្ជាក់អំពីតំបន់ជម្លោះថ្មីនៅភូមិជោគជ័យ និងភូមិព្រៃចាន់ សម្តេចបានមានប្រសាសន៍ថា៖ «កម្ពុជានិងថៃ បានយល់ព្រមអនុវត្តវិធីសាស្ត្របច្ចេកទេស ដោយវាស់វែងរួម និងបោះបង្គោលបណ្តោះអាសន្ន តាមផែនទី ១/២០០,០០០ នៃសន្ធិសញ្ញាឆ្នាំ១៩០៧ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបារាំង-សៀម ធ្វើជាមូលដ្ឋានច្បាប់ស្របសន្ធិសញ្ញា»

សម្តេចបានបន្ថែមថា៖ «វាជាវិធីសាស្ត្រដែលផ្អែកលើច្បាប់ និងការយល់ព្រមរួម ដើម្បីធានាថាការដោះស្រាយបញ្ហាមានតម្លាភាព ត្រឹមត្រូវ និងអាចអនុវត្តបានយូរអង្វែង។ ជំហាននេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរផ្ទៀងផ្ទាត់ការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងបញ្ចប់ជម្លោះឱ្យអស់សព្វគ្រប់ បើកផ្លូវឱ្យសន្តិភាព និងជីវភាពប្រជាពលរដ្ឋវិលត្រឡប់ទៅប្រក្រតី»

សាររបស់សម្តេចបវរធិបតីនេះ បានបង្ហាញយ៉ាងច្បាស់ថា ភាពស្ងៀមស្ងាត់របស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាភាពទន់ខ្សោយឡើយ ប៉ុន្តែជាសញ្ញានៃភាពរឹងមាំ មានភាពឆ្លាតនូវការប្រើប្រាស់ប្រាជ្ញា និងការប្តេជ្ញាចិត្តក្នុងការរក្សាអធិបតេយ្យភាពជាតិដោយសន្តិភាព។ វាជាសារដ៏មានអត្ថន័យជ្រាលជ្រៅ ដែលធ្វើឲ្យប្រជាជនកាន់តែមានជំនឿ និងយល់ច្បាស់ថា ភាពស្ងាត់របស់កម្ពុជា គឺជាភាពស្ងាត់ ដែលនាំមកនូវភាពរឹងមាំក្នុងការដោះស្រាយតាមយន្តការច្បាប់ និងសន្តិភាពសាឡើងវិញ។

* យន្តការ GBC៖ ជំហានយោធាសន្តិភាព តាមផ្លូវអាស៊ាន

នៅថ្ងៃទី២៣ ខែតុលា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃ បាននាំមកនូវលទ្ធផលសំខាន់គួរឱ្យកត់សម្គាល់។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ភាគីកម្ពុជានិងថៃ បានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រាងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ ដោយការអនុវត្តផែនការនេះ នឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ភាគីទាំងពីរបានឯកភាពគា្នទៅលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ចំពោះការងារដោះមីនមនុស្សធម៌, បង្កើតយន្តការសហប្រតិបត្តិការគ្រប់ជំហាន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និង Cyber Scam និងការសម្រេចរៀបចំកិច្ចប្រជុំ GBC ជាបន្ទាប់នៅលើទឹកដីកម្ពុជា ក្នុងរយៈ៩០ថ្ងៃ។ លទ្ធផលនៃកិច្ចប្រជុំយន្តការ GBC នៅបានបង្ហាញទៀតថា សភាពការណ៍នេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

ក្នុងការសន្និដ្ឋានជារួម៖

លទ្ធផលជាបន្តបន្ទាប់ពី JBC និង GBC និងការទទួលបាននូវសារដ៏មានអត្ថន័យរបស់សម្តេចមហាបវរធិបតី គឺជាដំណាក់កាលចុងក្រោយបង្អស់ហើយ មុនពេលដែលនឹងមានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សីអន្តរជាតិពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាសញ្ញានៃសន្តិភាពថ្មី សម្រាប់បញ្ចប់ជម្លោះ និងបើកសម័យសហប្រតិបត្តិការថ្មីរវាងកម្ពុជានិងថៃ ក្នុងការបោះជំហានទៅរកមិត្តភាពសាជាថ្មី និងការគោរពច្បាប់អន្តរជាតិ។

លទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពមិនមែនជាផលិតផលនៃសំណាងទេ ប៉ុន្តែជាផលិតផលនៃយុទ្ធសាស្ត្រ ដែលមានប្រាជ្ញា សុចរិតនិងស្នូលនៃការគោរពច្បាប់អន្តរជាតិ។ ជោគជ័យនេះជាការបញ្ជាក់ថា យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់កម្ពុជា មិនត្រឹមតែជាវិធីសាស្ត្របំបាត់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្របង្កើតសន្តិភាពសាឡើងវិញថែមទៀត។ វាជាការស្ងាត់ដែលឈ្នះសង្គ្រាម, ជាភាពអត់ធ្មត់ ដែលផ្លាស់ប្តូរជម្លោះ ក្លាយជាសន្តិភាព និងជាសញ្ញាដ៏ជោគជ័យនយោបាយថ្មី «ស្ងាត់តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.