ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់ការណែនាំជាចំហ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្ស រថយន្តដឹងកម្មករ និងល្មើសល្បឿន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់ការណែនាំជាចំហ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្ស រថយន្តដឹងកម្មករ និងល្មើសល្បឿន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករ លើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

សម្រាប់សិស្សធ្វើដំណើរទៅរៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានទាញសញ្ញាព្រមានអំពីហានិភ័យនៃការមិនគោរពច្បាប់របស់សិស្សានុសិស្ស ក្នុងពេលធ្វើដំណើរទៅសាលារៀន ពោលគឺស្របពេលមេរៀនស្ដីពីការងារសុវត្ថិភាពចរាចរណ៍ បានសម្រេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ប៉ុន្តែសិស្សមួយចំនួន បែរជាមិនបានគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងការដើរផ្ទុយពីគោលការណ៍សុវត្ថិភាព និងគោលការណ៍ច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការបណ្ដែតបណ្ដោយ និងការមិនគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ជាផ្នែកមួយនៃការបណ្ដុះវប្បធម៌មិនល្អទៅថ្ងៃមុខ ដ្បិតសិស្សទៅទទួលការអប់រំទាំងបំពានច្បាប់។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំជាចំហ និងបានបញ្ជាក់អំពីការរង់ចាំមើលការអនុវត្តរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងអធិការដ្ឋាន និងស្នងការដ្ឋាន លើបញ្ហានេះ ដោយប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ ចាប់ពីពេលពួកគេទទួលបានការអប់រំ។

ចេញពីការគិតគូរអំពីសុវត្ថិភាព និងការអនុវត្តច្បាប់ក្នុងចំណោមសិស្សានុសិស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ព្រឹក ឯកឧត្តម តែងតែយកចិត្តទុកដាក់តាមដាននូវរបាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ អំពីសុវត្ថិភាពចរាចរណ៍របស់កម្មករ កម្មការនី ដែលធ្វើដំណើរតាមមធ្យោបាយរថយន្តជាក្រុមៗ និងដែលភាគច្រើនជារថយន្តដឹកកម្មករ កម្មការនីលើសចំនួនកំណត់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលចរាចរណ៍ យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍ ដល់រថយន្តដឹកកម្មករ កម្មការនីនាពេលព្រឹកប្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ កម្មការនី ពិសេសអ្នកបើកបរ គោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតែទទូចសូមឱ្យប្រជាពលរដ្ឋ ដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថា តើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ? បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នគរបាល មិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាល ក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។

ពីវេទិការនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យសិក្សាឡើងវិញលើភូមិសាស្ត្រជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន ដែលមានការប្រឈមចំពោះការបើកបរលើសល្បឿនកំណត់ និងរកឱ្យឃើញពីមូលហេតុ នៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវវិធីសាស្ត្រដោះស្រាយឱ្យបានសមស្របបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ច បានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ ដោយធ្វើការពិន័យសរុបចំនួន ២៥ ០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្ត មិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ច ក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹង ចំនួន ៤ ៧១៦នាក់ អនុវត្តតាមនីតិវិធី។ ក្នុងរយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ៣០៤លើក។ គិតពីខែមករា ដល់ខែមេសាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ចំនួន ៤៧៩នាក់ និងរបួស ១ ០១១នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ ៤២៨នាក់៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.