(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រារព្ធពិធីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃ អគ្គនាយកដ្ឋានភស្តុភារ និង ហិររញ្ញាវត្ថុ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ន់ អគ្គនាយក នៃ អគ្គនាយកដ្ឋានភស្តុភារនិង ហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃនិងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ជំនាញពាក់ព័ន្ធ នាយនគរបាលតាមបណ្តាផែនជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាអធិការដ្ឋាននគរបាល ក្រុង ស្រុកទាំង២ និងប៉ុស្តិ៍រដ្ឋបាលទាំង៥សរុបចំនួន ៩២នាក់ ។
មានមតិសំណេះសំណាលនាឱកាសបិទសិក្ខាសាលាក្នុងពេលនោះ នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និង ហិរញ្ញាវត្ថុ បានមានប្រសាសន៍ពី គោលបំណងនៃអង្គសិក្ខាសាលា គឺផ្តោតទៅលើការយកចិត្តទុកដាក់ចំពោះការអប់រំសុខភាពមន្ត្រីនគរបាលជាតិទាំងអស់ និងផ្តល់ជាចំណេះដឹងក្នុងកម្រិតបឋមស្តីពីការប្រឈម នៃ ប្រភេទជំងឺចំពោះមុខមួយចំនួន ដែលអាចនិងកើតមានឡើងពីផលប៉ះពាល់ជាយថាហេតុទៅដល់រាងកាយរបស់កងកម្លាំង។ ក្រៅពីនេះនិងផ្តល់ជាវិធីសាស្ត្រល្អៗ ដល់កងកម្លាំងរបស់យើងដែលកំពុងបំពេញតួនាទី ភារកិច្ចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជននៅតាមមូលដ្ឋាន និងនៅតាមអង្គភាពរៀងៗខ្លួន។
នាយឧត្តមសេនីយ៍ សម តារា បានបញ្ជាក់ទៀតថា ចំពោះកងកម្លាំងនគរបាលទាំងអស់ត្រូវបង្កើនការយល់ដឹង ស្តីពីការងារថែទាំសុខភាពផ្ទាល់ខ្លួននិងមានការអភិវឌ្ឍន៍ផ្នែកគំនិត ស្តីពីទំនាក់ទំនងរវាងវេជ្ជសាស្ត្រ សុខភាព និង ជីវិតរស់នៅប្រចាំថ្ងៃ ឲ្យមានសុខភាព សុភមង្គល និងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ មានសតិនិងស្មារតីពេញលេញដើម្បីចូលរួមអនុវត្តន៍ភារកិច្ចស្នូលរបស់ខ្លួនក្នុងនាមជាកងកម្លាំងនគរបាលជាតិ៕
សេង ណារិទ្ធ






