(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ខែមករា ឆ្នាំ២០១៩នេះរដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីមីទ្ទីញរម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ក្រោមអធិបតីភាព លោកបណ្ឌិតប៉ែន ស៉ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានវត្តមានអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបក្សខេត្តព្រមទាំងមន្ត្រីសង្ឃ លោក លោកស្រី សមាជិក ព្រឹទ្ធសភា រដ្ឋសភាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជនគណបក្ស យុវជនកាកបាទក្រហម កាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ២២០០នាក់។
នៅក្នុងអង្គពិធីទាំងមូល លោកបណ្ឌិតប៉ែន ស៉ីម៉ន បានអាននូវ សន្ទរកថា៖ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា(៧មករា ១៩៧៩-៧មករា២០១៩)នារាជធានីភ្នំពេញកាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ។
តាមរយៈសន្ទរកថារបស់សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់រំឭកថាជ័យជម្នះ៧មករាគឺជាថ្ងៃប្រវត្តិសាស្ត្រ បានសង្គ្រោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលរស់នៅចាំតែថ្ងៃស្លាប់ បានធ្វើឱ្យរាល់តម្លៃ ទាំងស្មារតី និងសម្ភារៈរបស់ប្រជាជនខ្មែរដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុតស្ទើតែរលាយសាបសូន្យបាត់អស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត គ្រានោះ បានរស់ឡើងមកវិញ បានបិទបាំងទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង បានផ្ដល់ជូនប្រជាជនកម្ពុជា នូវសិទ្ធសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ ៧មករា១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្ម ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ ដែលប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានជ័យជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗ នៅថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លៃឬបំផ្លាញបានឡើយ។
នៅក្នុងសុន្ទរកថាសម្ដេចតេជោក៏បានសង្កត់ធ្ងន់ជូននូវ ខ្លឹមសារ សារៈសំខាន់ៗជាច្រើនទៀត គឺដើម្បីបញ្ជ្រាបដល់មហាជន ប្រជាជន ពិសេសក្នុងស្រទាប់យុវជន អំពីអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រ នៃថ្ងៃជ័យជម្នះ ៧មករា អំពីគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន អំពីសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងការប្តេជ្ញាចិត្តរបស់យើងលើមូលដ្ឋានជ័យជម្នះ ៧មករា និងនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ គឺយើងត្រូវការពាររាល់អ្វីៗទាំងអស់ ដែលយើងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះ។
ក្នុងពិធីបានបញ្ចប់បន្ទាប់ពីមានចំណាប់អារម្មណ៍របស់ក្រុមយុវជនតំណាងអង្គមីទ្ទីងក្នុងការប្ដេជ្ញាចិត្តការពាររាល់សមិទ្ធផលអ្វីៗទាំងអស់ ដែលយើងមាននិងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះនិងពិធីព្រលែងព្រាបបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនតទៅថ្ងៃអនាគត៕










