(ខេត្តកែប)៖ ការប្រណាំងទូកផ្កាចារសមុទ្រ គឺសំដៅដល់ការចូលរួមថែរក្សានូវប្រពៃណីវប្បធម៌ ទំនៀមទម្លាប់និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
នេះបើយោងតាមប្រសាសន៍ របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ថ្លែងក្នុងពិធីប្រណាំងទូកផ្កាចារសមុទ្រ នៅមាត់ឆ្នេរកែប កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានទូកចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីចំនួន៥២ទូក។ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក គឹម ទូច រដ្ឋលេខាធិការ តំណាង លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងអស់លោកជាថ្នាក់ដឹកនាំសំខាន់ៗមកពីបណ្តាមន្ទីរ អង្គភាពទូទាំងខេត្តផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការប្រណាំងទូកនេះពិតជាបានបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកសម្រាក លម្ហែ កម្សាន្តនៅលើទឹកដីខេត្តកែបរបស់យើង។ម្យ៉ាងទៀតក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា(៧មករា ១៩៧៩-៧មករា ២០១៩)និងខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមសីុវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ហើយនេះក៏ជាព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨-២០១៩ គឺស្របពេលដែលប្រទេសជាតិមានសុខ សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពទាំងនៅលើឆាកជាតិ និងអន្តរជាតិផងដែរ។
លោក កែន សត្ថា បានថ្លែងគូសបញ្ជាក់ទៀតថា នេះជាលើកទី១០នៃការប្រណាំងទូកប្រភេទផ្កាចារសមុទ្រ ដោយឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងចំនួន៥២ទូក។លោកអភិបាលខេត្តបានបន្ថែមថា ក្រៅពីការប្រណាំងទូកផ្កាចារសមុទ្រ ខេត្តកែបនឹងមានព្រឹតិ្តការណ៍សំខាន់ៗជាច្រើនទៀត ដូចជាការបង្ហោះគោម និងការអុជកាំជ្រួចលម្អពេលរាត្រី ដើម្បីអបអរឆ្នាំសកលឆ្នាំ២០១៩ដែលឈានចូលមកដល់ក្នុងពេលបន្តិចទៀតនេះ។
សូមជម្រាបថា៖ យោងតាមរបាយការណ៍របស់លោក សោម ពិសិដ្ន អភិបាលរងខេត្ត និងជាប្រធានអនុកម្មការរៀបចំការប្រណាំងទូកផ្កាចារសមុទ្រ បានឲ្យដឹងថា ទូកដែលមកប្រកួតប្រជែងដណ្តើមយកជ័យលាភី មានសរុបចំនួន៥២ទូក ក្នុងចំណោមនោះមានក្រុមកីឡាទូកស្ត្រីចំនួន៣ទូក ហើយទូកដែលទទួលបានជ័យលាភីលេខ១ មានចំនួន២៦ទូក ទូកមានចំណាត់ថ្នាក់លេខ២មានចំនួន១៣ទូក និងទូកជាប់ចំណាត់ថ្នាក់លេខ៣(ក្រោយគេ)មានចំនួន១៣ទូក។លោក សោម ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្នុងការដណ្តើមជ័យលាភី ចំពោះទូកជាប់ចំណាត់ថ្នាក់លេខ១ គឺក្នុងមួយទូកៗ ទទួលបានថវិកាចំនួន ៤០០.០០០រៀល ស្រាបៀរ១កេះនិងទឹកក្រូច១កេះ។ ចំណែកទូកជាប់ចំណាត់ថ្នាក់លេខ២ ក្នុងមួយទូកៗ គឺទទួលបានការឧបត្ថម្ភជាថវិកាចំនួន៣០០.០០០រៀល ស្រាបៀរ១កេះ និងទឹកក្រូច១កេះ។ចំពោះទូកជាប់ចំណាត់ថ្នាក់ក្រោយគេ លេខ៣ក្នុងមួយទូកៗ ទទួលបានថវិកាចំនួន២៥០.០០០រៀល ស្រាបៀរ១កេះ និងទឹកក្រូច១កេះផងដែរ៕
សេង ណារិទ្ធ






