ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបណ្តាញព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាព បានផ្សព្វផ្សាយនូវព័ត៌មាន រឿងអាស្រូវ របស់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ មានលក្ខណ:ជាប្រព័ន្ធ ខ្សែស្រឡាយ បក្ខពួក ប្រមូលផលប្រយោជន៍សេដ្ឋកិច្ចចែកគ្នា រស់នៅសោយសុខយ៉ាងត្រជាក់ត្រជុុំនាពេលកន្លងមក ទើបតែ បែកពាងប្រហុកថ្មីៗនេះ នៅពេល គេហទំព័រ មាតុភូមិ បានចេញផ្សាយ១វគ្គមុន ក្រោមចំណងជើងថា: ” ឧត្តមសេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតសម្ងំប្រមូលសេដ្ឋកិច្ចចូលហោប៉ៅយ៉ាងស្ងៀមស្ងាត់ !? ” ។
ក្រោយពីការផ្សាយភ្លាមៗ គេឃើញលោក ប៉ាន់ សារ៉ាន់ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញលិខិត០១ ច្បាប់ ចុះលេខ:០១៩/២៥ សក.ប៉ប៉ ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ សូមគោរពជូនឯកឧត្តមអភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកម្មវត្ថុ : របាយការណ៍ឆ្លើយតបបំភ្លឺ ចំពោះការបង្ហោះព័ត៌មានចោទប្រកាន់ក្នុងបណ្តាញទំនាក់ ទំនងសង្គម facebook ថា:ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានដាក់ខែម៉ូតូឌុប កង់បី និងម៉ូតូឌុបក្នុង០១ខែ៣០០០បាត ជាថ្នូរនឹងការផ្តល់សិទ្ធិអោយចូលចាប់ម៉ូុយ និង ដឹកភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ដោយយោងលិខិតបំភ្លឺ ចុះថ្ងៃទី ២៣ ខែកុម្ភ:ឆ្នាំ២០២៥ របស់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ តែមិនដឹងថា លិខិតបំភ្លឺនោះ មានចុះហត្ថលេខា របស់លោក ឧត្តមសេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដែរ ឬក៏អត់នោះទេ ? ។ ហើយម្យ៉ាងទៀតក៏មិនដឹងថា : តើលិខិតនេះបានចូលទៅដល់ដៃលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមាន ជ័យហើយ ឬក៏នៅនោះទេ ? ព្រោះតាំងពីថ្ងៃបោះត្រាលើលិខិតចេញ រហូតមកដល់ពេលនេះ មិនទាន់ឃើញមាន ប្រតិ កម្មឆ្លើយតបអ្វីពីរដ្ឋបាលខេត្តបន្ទាយមានជ័យនៅឡើយ ។
ដោយឡែក ប្រភពព័ត៌មាន ពីក្រុមអ្នករត់ម៉ូតូឌុប និងរត់កង់បី មួយចំនួនដែលមិនមែនជាខ្សែស្រឡាយ បក្ខពួកប៉ូលីសអន្តោ ប្រវេសន៍ច្រកទ្វារប៉ោយប៉ែតបានប្រាប់តាមប្រព័ន្ធ Telegram មកថា : កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២៥ មានការរៀបចំ អោយក្រុមអ្នករត់ម៉ូតូឌុប និងក្រុមអត់រត់កង់បី ( ផើសអាប់ ) ជួបជុំគ្នាក្នុងបរិវេណមាត់ច្រកទ្វារព្រំដែនគ្រប់គ្រងដោយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថតបង្ហោះ បកស្រាយបំភ្លឺថា : ពុំមានការគាប សង្កត់ ឬតម្រូវអោយមានការបង់លុយប្រចាំខែ អោយនគរបាលអន្តោ ប្រវេសន៍ចំនួន ៣០០០បាត ដូចការផ្សព្វផ្សាយព័ត៌មាននានាទេ ។
ប្រភពបានបន្តថា : សកម្មភាពរបស់ក្រុមម៉ូតូឌុប និងក្រុមអ្នករត់កង់បី ដែលបានដែលបានផ្សាយតាមសារព័ត៌មាន និងទូរទស្សន៍ខ្លះៗនោះ គឺជាការរៀបចំដោយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះធ្វើឡើងក្នុងរូបភាព ជាល្បែងប៉ាហ៊ី មិនស៊ីលុយ របស់ក្រុមមន្ត្រីជំនាញសមត្ថកិច្ចបានរៀបចំសម្តែង ក្នុងគោលបំណង បំភ័ន្តភ្នែកថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីកុំអោយចាប់កំហុសបាន នៃការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយមានលក្ខណ:ជាប្រព័ន្ធរបស់ក្រុមបក្ខពួកគេតែប៉ុណ្ណោះ ។ តែការពិតជាក់ស្តែង នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅតែអនុវត្ត រូបមន្តចាស់ដដែលទេគឺនៅ តែតម្រូវអោយក្រុមម៉ូតូឌុប និងក្រុមកង់បីដែលបានបង់លុយប្រចាំខែ ជាទៀងទាត់នោះ ទើបមានសិទ្ធិអាទិភាពចាប់ម៉ូយ ក្នុងសុុិចទ័ររបស់ប៉ុស្តិអន្តោប្រវេសន៍បាន ។
ក្រុមអ្នករត់ម៉ូតូឌុប ចំនួន ០៤ នាក់ ដែលឈរជើងនៅត្រង់ចំណុចដើមធ្នង់ ក្បែរដងទង់ជាតិ ០៥ដើមក្នុងបរិវេណ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា : បានបង់លុយសមត្ថកិច្ចរហូតដល់ ៧០០០បាត(លុយថៃ)ក្នុងម៉ូតូ១គ្រឿងជាកំហិត ព្រោះទទួលបានសិទ្ធិអាទិភាព មិនចូលជួរនិងងាយចាប់ម៉ូយបានមុនគេ ។ រីឯម៉ូតូឌុបដែលឈរជើងនៅផ្លូវរទេះភ្លើង ចែកជា០២ក្រុម ដោយកំណត់ ក្រុម A ត្រូវបង់លុយ០១ខែចំនួន៣១០០បាតក្នុងម៉ូតូ០១គ្រឿង និងក្រុម B ០១ ខែត្រូវបង់លុយចំនួន ២១០០បាតក្នុងម៉ូតូ០១គ្រឿង ។ ក្នុងនោះគឺគេបែងចែកអោយប៉ូលីសព្រំដែនពី២០០០បាតទៅ៣០០០បាត ក្នុងម៉ូតូ១គ្រឿង និង១០០បាតចែកទៅខាងស្ថានីយ៍រថភ្លើង ។ ប្រភពបាន បញ្ជាក់ថា: ការបង់លុយនេះគឺ ត្រូវបង់ទៀងទាត់ គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ រៀងរាល់ដើម ខែនីមួយៗ តាមរយ: លោកវរ: សេនីយ៍ឯក អ៊ុក ស្រួយ នាយរង ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតា កុយ ហើយ តាកុយក៏មានមេការរបស់ខ្លួនឈ្មោះ តាឡូឡា ដែលជាអ្នកគ្រប់គ្រងមើលការខុសត្រួវផ្ទាល់ ។
ជុំវិញសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះ លោកវរ:សេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបំភ្លឺប្រាប់ មកលោក ស៊ុន សុផល និពន្ធនាយកគេហទំព័រ មាតុភូមិ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ២៧ខែកុម្ភ:២០២៥ ដោយអ្នកកាសែតចោទសួរថា : តើមាន ការបង់លុយដាក់ខែពីក្រុមម៉ូតូឌុប-កង់បី ពី៣០០០បាតទៅ ៧០០០បាត តើពិតដែរទេ ? លោក អ៊ុក ស្រូយ ថា: ពាក្យនេះសុទ្ធតែពាក្យបំផ្លើសបងអឺយ ! ម៉ូតូគ្នានៅតែលើផ្លូវ មិនដែលនៅក្នុងភូមិសាស្ត្រទេ នេះជាពាក្យចចាមអារាម អារឿងចឹងៗ ខ្ញុំអត់មានទេបាទ ! អត់ដែលមានទេ ! អត់ដែលទៅរវល់អីចឹងៗផង ឯការបង់ខែ បង់អី បង់ឯណា ខ្ញុំអត់មានទេ បាទ ! ។
ព័ត៌មាន វគ្គ ទី២ នេះ អង្គភាពគេហទំព័រ មាតុភូមិ ផ្សព្វផ្សាយជូនមហាជន ប្រជាពលរដ្ឋ ជាពិសេស ផ្តល់ព័ត៌មានជូនថ្នាក់ ដឹកនាំ គ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំមហាផ្ទៃ និងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ពិចារណាតាមការគួរ ៕




