(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកមានកំណើតមកពីទឹកដីខ្មែរក្រោមដែរនោះ បានអញ្ជើញចូលរួមសម្ពោធស្ពាននាគ នៅក្នុងស្រុកចូវថាញ់ ខេត្តក្រមួនសរ ទឹកដីខ្មែរក្រោម។
ស្ពាននាគ ជាសមិទ្ធផលដឹកនាំកសាងដោយព្រះតេជគុណ យ៉ញ អ៊ុក អនុគណស្រុកចូវ ថាញ់ និងជាលេខាសាលាគណខេត្តក្រមួនសរ។ ព្រះតេជគុណបានដឹកនាំកសាងស្ពាន ប្រើរចនាបថនាគខ្មែរចំនួនប្រមាណ២០ស្ពាន នៅតាមភូមិដែលមានប្រជាពលរដ្ឋខ្មែរក្រោមរស់នៅភាគច្រើន ដើម្បីបានជាប្រយោជន៍ដល់ការធ្វើដំណើរ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ថវិកាកសាងស្ពានទាំងនេះ បានមកពីសប្បុរសជននានា តាមរយៈការអំពាវនាវ និងកៀរគរពីសំណាក់ព្រះតេជគុណ យ៉ញ អ៊ុក។
ពិធីសម្ពោធស្ពាននាព្រឹកថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏សប្បាយរីករាយ។ ក្រៅពីការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមហើយនោះ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាន សាង ដែលជាអ្នកមានកំណើតលើទឹកដីខ្មែរក្រោម និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ព្រះតេជគុណ យ៉ញ អ៊ុក បានសម្តែងព្រះទ័យសប្បាយរីករាយជាខ្លាំង ចំពោះកម្មវិធីសម្ពោធស្ពាននេះ។ សប្បាយទី១នោះ ព្រោះហេតុបានស្ពានជាប្រយោជន៍ដល់ការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ហើយអ្វីដែលកាន់តែរីករាយថែមទៀត សម្រាប់ព្រះតេជគុណ យ៉ញ អ៊ុក គឺបានការអញ្ជើញចូលរួមពីសំណាក់លោក សាន សាង ដែលជាមន្ត្រីជាន់ខ្ពស់របស់ខ្មែរមួយរូប។
ព្រះតេជគុណ យ៉ញ អ៊ុក ចាត់ទុកវត្តមានរបស់ឯកឧត្តម សាន សាង ក្នុងពិធីនេះ គឺជារឿងមួយដ៏កម្រ។
ឯកឧត្តម សាន សាង បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ចំពោះការបានចូលរួមក្នុងពីធីសម្ពោធសមិទ្ធផលជាមួយព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តក្រមួនសរ។ ឯកឧត្តម សាន សាង បានបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងពិធីនេះ គឺទទួលបានការអនុញ្ញាតដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ឯកឧត្តម សាន សាង បានចាត់ទុកការចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏ល្អរវាងមន្ត្រីរាជការខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម។ ឯកឧត្តម សាន សាង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោកបានចូលរួមក្នុងពិធីសម្ពោធស្ពាននាគនៅលើទឹកដីខ្មែរក្រោម។
តាមរយៈក្តីអនុញ្ញាតរបស់សម្តេចតេជោ, លោក សាន សាង បានចាត់ទុកជាទឹកចិត្តគិតគូរ នឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរក្រោម ដូចបានស្តែងច្បាស់តាមរយៈការរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅវត្តស្វាយសៀមថ្មីកាលពីឆ្នាំ២០២៤កន្លងទៅ៕




