(ខេត្តកំពត)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកម៉ូតូពេលកំពុងធ្វើដំណើរញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ដោយហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះស៊ាន វុន អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថាកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៣ ខែធ្នូមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូដោយរថយន្តក្រឡុកស៊ីម៉ងិ៍តមួយគ្រឿងបានបុកម៉ូតូកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង។
ប្រភពបានបន្តថា មុនពេលគ្រោះថ្នាក់កើតឡើងគេឃើញរថយន្តក្រឡុកស៊ីម៉ងតិ៍មួយគ្រឿងបើកមកពីទិសខាងពីលិចដោយល្បឿនយ៉ាងលឿន លុះដល់កន្លែងកើតហេតុរថយន្តនោះក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងមកពីមុខបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថាក្នុងស្ថានភាពបែបនេះ រថយន្តមិនបញ្ឈប់ទេ គឺបានបង្កើនល្បឿនបើកគេចបាត់ដោយន្សល់ទុកសពជនរងគ្រោះនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបំផុត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានមកពិនិត្យនៅកន្លែងកើតហេតុរួចប្រគល់សាកសពជនរងគ្រោះទៅឱ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
សេង ណារិទ្ធ






