(បាត់ដំបង) ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៥ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង ឃា-ត់ខ្លួនក្រុមក្មេងទំនើងដែលធ្វើសកម្មភាពហិង្សា កាប់បំផ្លាញ ម៉ូតូរបស់អ្នកដទៃចំនួន០៣នាក់អនុវត្តតាមច្បាប់ក្រោយការសាកសួរស្រាវជ្រាវរួចរាល់។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីនេះកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ ខណៈមានក្រុមក្មេងទំនេីងពី០៥ទៅ០៦នាក់ជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើម៉ូតូជនរងគ្រោះនៅចំណុច វាលស្រែបឹងអំពិល ក្រុមទី២៥ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូរួចផ្តាច់យកផ្លាកលេខជិះគេចខ្លួនបាត់។
ការឃាត់ខ្លួននេះដកហូតបានសម្ភារៈតាងរួមមានៈ
-កាំបិតចំនួន ០១ ដើម
-ផ្លាកលេខម៉ូតូចំនួន០១(របស់ជនរងគ្រោះ)។
សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថា តាមចម្លើីយក្រុមបង្កហេតុថា ពួកគេធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកហើយថ្ងៃនេះគេតាមបង្កការសងសឹកវិញបែបនេះតែត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន។
សូមបញ្ជាក់ថា ពីពេលនេះតទៅករណីបង្កដោយក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន មិនមានការលើកលែង អនុគ្រោះនោះទេ ពោលគឺត្រូវចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕
ដោយ ៖ ទាវ ដារិន


Processed with Rookie Cam




