ប៉ៃលិន ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញអមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាកសិករចំនួន ៨៦៦ ហិកតា ដែលប្រឈមនឹងកង្វះទឹកស្រោចស្រប់នាពេលខាងមុខ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
ក្នុងឱកាសចុះពិនិត្យការងារនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល។
សូមបញ្ជាក់ថា ផែនការធ្វើស្រូវរដូវប្រាំងនៅទូទាំងខេត្តប៉ៃលិនមានចំនួន ៥០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់ប្រជាកសិករមានរហូតដល់ ១៦២០ហិកតា ដែលធ្វើឱ្យស្រូវប្រាំងចំនួនប្រមាណ ៨៦៦ហិកតា ត្រូវប្រឈមមុខនឹងបញ្ហាកង្វះទឹកស្រោចស្រពនាពេលដ៏ខ្លីខាងមុខ ។
ជាឆ្លើយតបចំពោះសំណូមពរ ក៏ដូចជាកង្វល់របស់បងប្អូនប្រជាកសិករ ឯកឧត្តម រដ្ឋមន្ត្រី តែងបានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រៀបដូចជាឪពុកម្តាយដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីជួយឱ្យកូនមានជីវភាពកាន់តែប្រសើរឡើង។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរជួយដោះស្រាយកង្វល់របស់កសិករ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយនឹងការណែនាំឱ្យប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្របតាមតម្រូវការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។
ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី និងក្រុមការងារក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានចុះពិនិត្យទីតាំងដែលមានជំនន់ទឹកភ្លៀងជន់លិចនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ ៕
ដោយ សេន ត




