ខេត្តប៉ៃលិន ៖ ករណីតម្រូវឲ្យឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រូវបង់ក្បាលរថយន្តជូនទៅលោក ផាត់ វីរះ អាចនឹងផ្ទុះធ្លាយ ខណៈឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនខ្លះមានសែស្រឡាយ ខ្នងអ្នកធំវិញនោះក៏មិនខុសពីពាក្យចាស់បុរាណថា សុខចិត្តឲ្យក្រពើលេបមិនឲ្យចង្វារបបិច ។ ដូច្នេះប្រសិនបើលោក ផាត់ វីរះ ត្រូវបានបង្ខំ ឬជំរិតឈ្មួញ និង ក្រុមហ៊ុនដឹកជញ្ជូនតាមទំនើងចិត្តខ្លួនទាមទារ អាចនឹងប្រតិកម្ម ។
មន្ត្រីសាលាខេត្តបានលួចបង្ហើបឲ្យដឹងថា យោងតាមអនុក្រឹត្យលេខ៦៤មសន មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរ ជាតិ គឺមានតួនាទី ត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ ប្រថាប់ត្រាលើ លិខិតឆ្លងដែន (ទិដ្ឋិការ) ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងផ្តល់ទិដ្ឋការភ្ញៀវចូលប្រទេស ។ ប៉ុន្តែលោក ផាត់ វីរះ ដែលទើបមកកាន់តំណែងនេះ ប្រហែលជាត្រូវចំណាយ(កញ្ចប់)ក្នុងតំណែង និងស្រក់ ទឹកមាត់ ចំពោះផលប្រយោជន៍ ទើបបង្កើតឲ្យមានយុទ្ធសាស្ត្របែបនេះ ដើម្បីទាញយកលាភសក្ការៈក្នុងតំណែង ទាំងបំពានទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងអនុក្រឹត្យលេខ៦៤មសន ។
លោក ផាត់ វីរះ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន ដែល ទើបឡើងកាន់តំណែងថ្មីថ្មោង ជំនួសលោក សួស សុខដារា នោះ កំពុងរងនូវការរិះគន់ពីក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញថា ផាត់ វីរះ បានបង្គាប់ឲ្យមន្ត្រីនគរបាលជាមនុស្សទំនុកចិត្តរបស់ខ្លួនប្រមូលសេដ្ឋកិច្ច តាមរយៈ ការធ្វើស្ថិតិ ដើម្បីកេណ្ឌក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ (រកស៊ីបង់ពន្ធមិនគ្រប់ និងនាំចូលទំនិញឆ្លងកាត់ ខុសម៉ោងរដ្ឋបាល ជាដើម គឺត្រូវគិតគូរសេវា ដើម្បីជៀសពីការបិទបារ៉ាស ឬរំខានដល់ការដឹកជញ្ជូន ។
ពាក់ព័ន្ធករណីនេះ គេហទំព័រយើងពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ផាត់ វីរះ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រំខេត្តប៉ៃលិនបាននោះទេ ។ ប្រសិនបើកើតមានអំពើពុករលួយមិនត្រូវបានស៊ីចង្វាក់គ្នា (ខ្វះការឯកភាព ពុករលួយលក្ខណៈប្រព័ន្ធ) ប្រាកដជានឹងបែកធ្លាយមិនខានឡើយ ។
គួររំឭកថា លោក ផាត់ វីរះ មិនទាន់ធ្វើកំណែទម្រង់ក្នុងការដឹកនាំរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវបាន នៅឡើយទេ ខណៈមន្ត្រីរបស់ខ្លួននៅតែបន្តធ្វើសកម្មភាពជាន់កពលរដ្ឋ អាជីវករតូចតាច ដឹកទំនិញតាមរទេះ តម្រូវឲ្យបង់លុយ ដោយគ្មានវិក្កប័ត្រនេះជាដើម ៕






