ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានបញ្ហាទំនាស់ព្រំដី រវាងប្រជាពលរដ្ឋម្នាក់ ជាមួយនឹងខាងបន្ទាយយោធាមួយកន្លែង កងអនុសេនាតូចលេខ៣ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានចុះធ្វើការសម្របសម្រួល ដោះស្រាយជូនភាគីទាំងសងខាង ។ តែប្រជាពលរដ្ឋជាភាគីខាងម្ចាស់ដីមិនទាន់ទទួលយល់ព្រមចំ ពោះដំណោះស្រាយនោះនៅឡើយទេ ។
ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ម្ចាស់ដីមា ន ឈ្មោះ ដុំ ទូច ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិចម្ការឫស្សី ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកមន្ត្រីយោធា ដែលស្ត្រីម្ចាស់ដីបានដាក់ពាក្យប្តឹង មានឈ្មោះ ឈាង សាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទាយយោធាក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ។ លោកបន្តទៀតថា ខាងលោកមិនអាចហាមឃាត់ ចំពោះការជីកឈូសឆាយដីភ្នំរបស់កងទ័ព ដើម្បីយកកន្លែងសាងសង់បន្ទាយយោធាបានទេ ព្រោះជាការងារប្រទេសជា តិ ហើយខាងកងទ័ព ក៏មិនបានយកដីនោះទៅធ្វើជារបស់កម្មសិទ្ធិឯកជនដែរ ។
ទោះបីជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិពីភូមិឃុំនៅលើដីភ្នំនោះក៏ដោយ គឺអាចអាស្រ័យផល ដាំដំណាំបាន តែមិនអាចយកដីនោះធ្វើជាដីកម្មសិទ្ធិរបស់ខ្លួនបាននោះទេ ល្គឹកណាដែលរដ្ឋត្រូវការ ខាងម្ចាស់ដីត្រូវតែប្រគល់ជូនវិញ ។ ម្យ៉ាងទៀត ទោះបីជាដីភ្នំក៏ដោយ ខាងយោធា ក៏មិនអាចរំលោភបំពានឈូសឆាយផ្ទៃដីរាប ធ្វើឱ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋបានដែរ ព្រោះគាត់បានអាស្រ័យផលជាយូរមកហើយ ។
លោកបញ្ជាក់ថា តែការដោះស្រាយនេះ ខាងម្ចាស់ដីហាក់ដូចជាមិនព្រមទទួលយកនោះទេ ព្រោះគាត់អះអាងថា ដីបន្ទាយយោធាខាងលើ គឺគាត់ជាអ្នកសម្បទានជូនប្រវែង២០ម៉ែត្រប៉ុ ណ្ណោះ បើឈូសឆាយលើសពីនេះទៀត អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលដំណាំដាំដុះរបស់គាត់ ដូចជា ប៉ះដើមស្វាយចំនួន១១០ដើម មៀនប៉ៃលិនចំនួន៧០ដើម ទុយោទឹកចំនួន៩ដើម និងដើមឫស្សីចំនួន៣គុម្ពផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ស្ត្រីខាងលើបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយ ដោយប្តឹងមន្ត្រីយោធាខាងលើចំនួន២នាក់ រួមជាមួយនឹងបក្សពួក ទី១. ឈ្មោះ ឈាង សាវុធ និងទី២. ឈ្មោះ សេង ទ្រី ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត និងធ្វើឱ្យខូចខាតដោយចេតនា ៕
ដោយ ៖ នីយ៉ា







