ពលករខ្មែរចំនួន ៤ នាក់ ដែលគេសង្ស័យថាអាចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ និងធ្វើដំណើរតាមរថយន្តចេញពីក្បែរបន្ទាត់ព្រំដែនខេត្តបាត់ដំបង ហើយក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តតែម្ដង។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរបរិវេណច្រកអន្តរជាតិខៅឌីន (ច្រកអន្តរជាតិភ្នំដី) ក្នុងភូមិ ៨ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
គេហទំព័របានបន្តថា នៅចំណុចកើតហេតុគេសង្កេតឃើញមានរថយន្តចំនួនពីរគ្រឿង ដែលរថយន្តទី ១ ម៉ាក់ នីសាន់ ពណ៌ខ្មៅ ជារថយន្តលក្ខណៈគ្រួសាររបស់ជនជាតិថៃ ដែលក្នុងនោះមានអ្នករបួសទាំងក្មេងទាំងចាស់ចំនួន ៤ នាក់ ហើយបើកបរដល់ឈ្មោះ ឡេ ឆៃ អាយុ ឆ្នាំ ជាជនជាតិថៃ។ ឯរថយន្តដែលដឹកពលករចេញពីខ្សែបន្ទាត់ព្រំដែន ជារថយន្តពណ៌ប្រផេះ ដែលបានធ្លាក់ចូលទៅក្នុងចំការអំពៅ និងបើកបរដោយឈ្មោះ ប្រាថ្នា កន អាយុ ៤១ ឆ្នាំ ជាជនជាតិថៃ ដោយឡែកអ្នកដំណើរនៅក្នុងរថយន្តចំនួន ៤ នាក់ ដែលជាជនជាតិខ្មែរបានស្លាប់ទាំងអស់ គឺមានឈ្មោះ ១.ឡន វណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ ២ និង ៣.មិនស្គាល់ឈ្មោះដោយសារមិនមានឯកសារពាក់ព័ន្ធជាប់នឹងខ្លួន អាយុប្រហែល ៣០ ឆ្នាំ និង៤.ក្មេងប្រុសអាយុ ៥ ឆ្នាំមិនស្គាល់សាវតាច្បាស់លាស់។
តាមការអះអាងពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលដឹកពលករគឺបានធ្វើដំណើរយ៉ាងលឿនចេញពីច្រកភ្នំដីចូលទៅក្នុងទឹកដីថៃ ដោយឡែករថយន្តមួយគ្រឿងទៀតគឺបានធ្វើដំណើរចេញពីស្រុកក្លងហាត មកកាន់ផ្សារភ្នំដីហើយក៏បានប៉ះគ្នាយ៉ាងខ្លាំង បណ្ដាលឲ្យរថយន្តដឹកពលករធ្លាក់ចូលទៅក្នុងចំការអំពៅហើយសម្រាប់ពលករទាំង ៤ នាក់ បានខ្ទាតចេញមកក្រៅរថយន្តទាំងអស់ បណ្ដាលឱ្យស្លាប់តែម្ដង។
បច្ចុប្បន្នក្រោយពីពិនិត្យសពនិងត្រៀមរៀបចំបញ្ជូនតាមនីតិវិធីរួចមក សមត្ថកិច្ចត្រៀមដើម្បីសាកសួរទៅលើអ្នកបើកបរទាំងពីររូបដែលកំពុងរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
ពលករខ្មែរស្លាប់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃ ប្រទេសថៃ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានថ្មី


