(កំពត)៖ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ត្រូវបានបានបញ្ចប់ជាស្ថាពរនោះ នៅព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលធ្វើការនៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសកម្មករ កម្មការិនីកាត់ដេរ បាននិងកំពុងសម្រុកធ្វើដំណើរតាមមធ្យោបាយនានា ឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន បន្ទាប់ពីពួកគាត់បានចូលរួមបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនស្រលាញ់ពេញចិត្តបានរួចរាល់ហើយនោះ។
ទោះជាយ៉ាងណាក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦ ឆ្នាំ២០១៨នេះ គេបានកត់សម្គាល់ឃើញប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី បានធ្វើដំណើរមកពីខេត្តនានាទូទាំងប្រទេស ពិសេសរាជធានីភ្នំពេញមកកាន់ភូមិកំណើតក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីចូលរួមបោះឆ្នោត ហើយក្នុងឱកាសនោះដែរ ពួកគាត់ក៏មានពេលមកជួបជុំឪពុក ម្តាយ សាច់ញាតិ បងប្អូន នៅឯស្រុកកំណើតផងដែរ។
ចំពោះការចាកចេញដំណើរទៅកាន់គោលដៅរបស់ខ្លួននេះដែរ គេសង្កេតឃើញពួកគាត់បញ្ចេញអារម្មណ៍សប្បាយរីករាយ ព្រោះពួកគាត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរម្នាក់ សម្រាប់កំណត់ជោគវាសនាប្រទេសជាតិរួចហើយ គឺការជ្រើសរើសអ្នកដឹកនាំដែលពួកគាត់ស្រលាញ់ និងពេញចិត្ត តាមមាគា៌លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។លើសពីនេះ ការជ្រើសរើសអ្នកដឹកនាំល្អ នឹងធ្វើឲ្យពួកគាត់មានក្តីសង្ឃឹម និងមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានកាន់តែធូរធា និងរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
សូមជម្រាបថា៖ បើតាមការលើកឡើងពីក្រុមអ្នកដំណើរ បានលួចបង្ហើបថា ការធ្វើដំណើរទៅនិងមកតាមរថយន្ត ឈ្នួល(តាក់សីុ)ពីរាជធានី-ខេត្តនានា មកកាន់លំនៅឋានក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ បើទោះជារាជរដ្ឋាភិបាលបានសំណូមពរដល់ម្ចាស់រថយន្តតាក់សីុមិនឲ្យដំឡើងថ្ងៃបែបណា ក៏នៅតែមានរថយន្តឈ្នួលជាច្រើនលួចយកតម្លៃលើសគោលការណ៍កំណត់ដដែល ប៉ុន្តែអ្នកដំណើរនៅតែនាំគ្នាសម្រុកមកកាន់គោលដៅដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយគ្មានការអាក់ខានឡើយ៕
សេង ណារិទ្ធ





