(កំពត)៖ បញ្ជាការដ្ឋានផ្នែកសឹករងកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាបន្ទាយទាហានកាលពីជំនាន់មុនរាប់ជំនាន់មកហើយនោះ ឥឡូវត្រូវបានគេលក់យកលុយចែកគ្នា ហើយផ្លាស់ទីតាំងទៅកន្លែងមួយយ៉ាងដាច់ស្រយាលពីទីប្រជុំជន។
យោងតាមប្រភពខ្សឹបខ្សៀវបានលួចទម្លាយថា ទីតាំងនៃបញ្ជាការដ្ឋានផ្នែកសឹករងកំពង់ត្រាច ជាបន្ទាយទាហាតាំងពីសម័យមុនបន្តជាច្រើនជំនាន់តាំងពីសម័យសង្គមរាស្ត្រនិយមបន្តមកដល់បច្ចុប្បន្ន ប៉ុន្តែខណៈនេះត្រូវបានគេលក់យកលុយចែកគ្នាដាក់ក្នុងហោប៉ៅ ហើយទិញដីស្រែចំនួនពីរកន្លែងមានទំហំបីហិកតារួចសាងសង់ធ្វើជាបញ្ជាការដ្ឋានផ្នែកសឹករងថ្មី ដែលទីតាំងទីមួយស្ថិតក្បែរបឹងឈូកមានទំហំ១ហិកតា និងទីតាំងទីពីរជាបញ្ជាការដ្ឋានវរសេនាតូចលេខ៣០២ ស្ថិតឃុំកំពង់ខាងកើត មានទំហំប្រមាណ២ហិកតា ។
ប្រភពព័ត៌មានខាងលើបានបង្ហើបទៀតថា បន្ទាយទាហានចាស់នេះមានទំហំប្រមាណបីហិកតា ដោយត្រូវគេលក់ក្នុងតម្លៃប្រហែល ៣.០០០.០០០ដុល្លារអាមេរិក ហើយយកលុយទាំងនោះទៅទិញដីស្រែថោកៗដែលនៅឆ្ងាយពីផ្លូវជាតិ រួចសាងសង់ជាអគារបន្ទាយទាហានថ្មី ដើម្បីជាថ្នូរវិញ។គេបានឲ្យដឹងទៀតថា គេមិនដឹងក្រុមហ៊ុនណាទេដែលហ៊ានទិញដីបន្ទាយទាហានស្រុកកំពង់ត្រាចដែលជាបញ្ជាការដ្ឋានផ្នែកសឹករងស្ថិតក្នុងទីតាំងនេះជាយូរមកហើយៗនៅព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៨នេះ មានគ្រឿងចក្រជាច្រើនបានមកឈូសឆាយនិងចាក់ដីក្នុងបន្ទាយទាហានចាស់យ៉ាងគគ្រឹកគគ្រេង។
ទាក់ទងនឹងការលក់បន្ទាយទាហានចាស់ ហើយផ្លាស់ដាក់ទៅកន្លែងថ្មីបែបនេះ មជ្ឈដ្ឋានក្នុងខេត្តកំពត ពិសេសមហាជនក្នុងស្រុកកំពង់ត្រាច បានសំដែងការហួសចិត្តនិងសោកស្តាយជាពន់ពេក ព្រោះគេដឹងថា ការផ្លាស់ប្តូរបញ្ជាការដ្ឋានផ្នែកសឹករងកំពង់ត្រាចដ៏ស្ងាត់កំបាំងនេះ គឺដើម្បីជាថ្នូរនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយយកមកចែកគ្នាទៅតាមឋានៈ តួនាទី(អ្នកធំបានច្រើន អ្នកតូចតាចបានបន្តិចបន្តួច) ហើយស្រះទឹកនៅក្នុងបន្ទាយទាហានស្ថិតក្បែរផ្លូវជាតិលេខ៣៣នោះ ក៏ត្រូវបានគេដណ្តើមវាស់វែងចែកគ្នា ហើយលក់យកលុយយ៉ាងរំភើយផងដែរ។
ពាក់ព័ន្ធនឹកការរុះរើបន្ទាយទាហានចាស់នៅស្រុកកំពង់ត្រាចខាងលើ លោកវរសេនីយ៍ត្រី ង៉ូយ ហេង មេបញ្ជាការផ្នែកសឹករងកំពង់ត្រាច បានប្រាប់ កម្ពុជាថ្មីតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៨នេះថា ការផ្លាស់ប្តូរបន្ទាយទាហាននេះ លោកមិនដឹងគេដូរតាមរយៈថ្នាក់ណាទេ ដោយលោកបានត្រឹមទទួលបញ្ជាពីមេកើយប៉ុណ្ណោះ តែបើយកល្អគួរសាកសួរទៅថ្នាក់លើចុះ។
ស្របគ្នានឹងរឿងដដែល លោកឧត្តមសេនីយ៍ត្រី យឹម ប៊ុនធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពត បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃដដែលនេះថា ការដោះដូរបញ្ជាការដ្ឋានផ្នែកសឹករងកំពង់ត្រាច យកទៅដាក់នៅកន្លែងផ្សេងនោះ គឺអនុវត្តតាម សជណ ដែលមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្រូវឲ្យក្រសួងការពារជាតិជាអ្នកអនុម័តលើគោលការណ៍នោះ តែការដោះដូរបន្ទាយទាហានចាស់ខាងលើ មិនមានពាក់ព័ន្ធជាមួយលោកអភិបាលខេត្តកំពតឡើយ៕






