(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ និងលើកទឹកចិត្តដល់ការបូមយកទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ មកស្រោចស្រពស្រូវរដូវប្រាំងលើកទី១ (ស្រូវបណ្តេញទឹក) របស់ប្រជាកសិករ នៅតំបន់២ និងតំបន់៣ ក្នុងឃុំកញ្ចរ ស្រុកកណ្ដៀង ដែលកំពុងខ្វះខាតទឹកចំនួន៤២៥ហិកតា ស្មើនឹង១០០គ្រួសារ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថា ជាការពិតណាស់ប្រជាកសិករ ដែលរស់នៅតំបន់២ និងតំបន់៣ ជារាល់ឆ្នាំគឺតែងតែប្រឈមនឹងបញ្ហាទឹកជំនន់ នូវរដូវវស្សា តែសម្រាប់រដូវប្រាំងនេះវិញ ក៏ប្រឈមនឹងកង្វះខាតទឹក ដោយសារតែទំនប់ស្ទាក់ទឹកដំណាក់អំពិល និងទំនប់ចរិក ត្រូវបានបិទស្ទាក់ទឹកទុក សម្រាប់ចែកចាយដល់ប្រជាកសិករនៅបែកខាងលើ ពោលគឺនៅស្រុកបាកាន និងស្រុកកណ្ដៀង មិនអាចហូរទម្លាក់មកបែកខាងក្រោមបាននោះ ទើបប្រជាកសិករបានស្រុះស្រួលសាមគ្គីគ្នា ចូលរួមទាំងថវិកា សម្ភារៈ ដើម្បីជីកបើកផ្លូវទឹក នាំទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ យកមកស្រោចស្របស្រែស្រូវប្រាំងរបស់ខ្លួន ដែលកំពុងខ្វះខាតទឹកជាចាំបាច់ ចំនួន៤២៥ហិកតា ស្នើនឹង១០០គ្រួសារ។
នេះគឺជាគំនិតច្នៃប្រឌិតដ៏ល្អមួយ ដែលលោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងអាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាកសិករ ហើយក៏សង្ឃឹមថា ផលស្រូវប្រាំងនេះ និងទទួលបានទិន្នផលខ្ពស់មកវិញ។
ក្នុងកាលនោះ លោកបានប្រកាសផ្ដល់ប្រេង ចំនួន៥០០លីត្រ ដើម្បីលើកទឹកចិត្ត និងកាត់បន្ថយការចំណាយ របស់បងប្អូនប្រជាកសិករ ដែលកំពុងខ្នះខ្នែងបូមយកទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ មកស្រោចស្របស្រូវរដូវប្រាំងរបស់ពួកគាត់។
នារសៀលថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បានអមដំណើរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹក នៅតំបន់មួយចំនួនក្នុងស្រុកបាកានផងដែរ។
បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវប្រាំង នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤៖
*ការងារដាំដុះដំណាំស្រូវប្រាំង ឆ្នាំ២០២៣-២០២៤៖ អនុវត្តបាន ៥៤,៣៦៧ហិកតា ស្មើនឹង២៧១,៨៤% នៃផែនការ២០ម៉ឺនហិកតា។
*ការងារប្រមូលផលស្រូវរដូវប្រាំង៖ ស្រូវចេញផ្កា២៨,០៤៤ហិកតា, ស្រូវទុំ១១,២៤១ហិកតា និងច្រូតកាត់ ៦,៨០៩ហិកតា ស្មើនឹង១២,៥២% (ទិន្នផល៥តោន ៤១៣គីឡូក្រាម)។
*តម្លៃ ១២៥០-១៣៥០រៀល ក្នុងមួយគីឡូក្រាម៕




