ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​មួយ​សប្តាហ៍​លើ​ទឹកដី​អឺរ៉ុប ប្រកបដោយ​ភាព​មមាញឹក​បំផុត

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​មួយ​សប្តាហ៍​លើ​ទឹកដី​អឺរ៉ុប ប្រកបដោយ​ភាព​មមាញឹក​បំផុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ារីស​, បារាំង​)៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បិទ​បញ្ចប់​បេសកកម្ម​ការងារ​លើទឹក​ដី​អឺរ៉ុប​ហើយ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ឆ្នាំ​២០២៤​នេះ​។ នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃនេះ ម៉ោង​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​ប្រមាណ​១១​យប់ ម៉ោង​នៅ​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​និវត្តន៍​មក​កាន់​កម្ពុជា​វិញ​ហើយ​។​

​មួយ​សប្តាហ៍​នៃ​បេសកកម្ម​ការងារ​លើកដំបូង​នៅ​ទឹកដី​អឺរ៉ុប​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី គឺជា​សប្តាហ៍​ដ៏​មមាញឹក​បំផុត​សម្រាប់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ចាប់​ពី​ដាក់​ជើង​ជាន់ដី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃ​ទី​១៤ ខែ​មករា រហូតដល់​វេលា​ឡើង​យន្តហោះ​នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​កម្មវិធី​ជា​បន្តបន្ទាប់​រហូតដល់​ប្រមាណ ៤០​កម្មវិធី​។ កម្មវិធី​ភាគច្រើនបំផុត គឺ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំ​របស់​បារាំង ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូ​ស ប្រទេស​ស្វីស​។​

​បេសកកម្ម​ការងា​រ​រយៈពេល​មួយ​សប្តាហ៍​របស់​សម្តេ​ច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​ទឹកដី​អឺរ៉ុប​ដើមឆ្នាំ​២០២៤​នេះ គឺ​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ផ្លែផ្កា​ខ្ពស់​ទាំង​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​។ ទិដ្ឋភាព​នយោបាយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ទាំង​៣​កម្រិត​របស់​បារាំង រួមមាន​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​ប្រធានាធិបតី​។​

​តាមរយៈ​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូអែល ម៉ា​ក្រុង​, លោក Gérard Larcher ប្រធានព្រឹទ្ធសភា​បារាំង​, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង និង​លោក Grabiel ATTAL នាយករដ្ឋមន្ត្រី​បារាំង សុទ្ធសឹង​បាន​គូស​រំលេច​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​កម្ពុជា និង​បារាំង ចាប់​ពី​ការជួយ​ស្វែងរក​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩១ និង​បន្ត​ជួយ​ជ្រោមជ្រែង​របស់​បារាំង​ក្នុង​ដំណើរ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​ឡើងវិញ ក្រោយ​ជួប​វិបត្តិ​ភ្លើងសង្គ្រាម​។​

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មុន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិបតី​, លោក​ប្រធានាធិបតី​បារាំង បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ ២០០​លាន​អឺរ៉ុប សម្រាប់​គាំទ្រ​ការបណ្តុះបណ្តាល​ផ្នែក​ថាមពល និង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅ​កម្ពុជា​។ លោក​ប្រធានាធិបតី ក៏​បាន​ប្រកាស​បន្ត​ធ្វើកា​រ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រទាំ​ង​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​។ លោក​ប្រធានាធិបតី ក៏​បាន​ប្រកាស​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​អន្តរជាតិ ដែល​ជា​កង្វល់​រួម​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​ក្រៅពី​ការថ្លែងអំណរគុណ និង​ដឹង​គុណ​ដល់​រដ្ឋាភិបាល​ចំពោះ​ការជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទ ក៏ដូចជា​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​ហើយ​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ឡាយ​ជាមួយ​បារាំង​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​ក្តីរំពឹង​ដែរថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នឹង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​បារាំង​កាន់តែ​ល្អប្រសើរ​។ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​ចង់​ឃើញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រស់រ​វើក ដើម្បី​ក្លាយជា​ចរន្តឈាម​ចិញ្ចឹម​ទំនាក់ទំនង​កម្ពុជា និង​បារាំង​។​

​ក្រៅពី​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​បារាំង​ហើយ​នោះ ក្នុង​បេសកកម្ម​ការងារ​ទាំង​នៅ​ប្រទេស​បារាំង និង​នៅ​ឯ​ទីក្រុង​ដា​វ៉ូ​ស ប្រទេស​ស្វីស សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​មិត្ត​មាន​ដូច​ជា​នាយករដ្ឋមន្ត្រី​ថៃ និង​វៀតណាម ហើយក៏​បាន​ជួប​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត រួមមាន​៖ លោក Joo-OK Lee ប្រធាន​របៀបវារៈ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​, លោក John Kerry អតីតរដ្ឋមន្ត្រី​ការបរទេស​, អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​, លោក តូ​នី ប្ល៊ែ​រ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ជា​ប្រធាន​ប្រតិបត្តិ នៃ​Tony Blair Institute for Global Change, លោក Daren Tang អគ្គនាយក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO), លោក​សាស្ត្រាចារ្យ ក្លោស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF), លោកស្រី Samantha Power អ្នក​គ្រប់គ្រង​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID), លោក Kono Taro រដ្ឋមន្ត្រី​ក្រសួង​បរិវត្ត​កម្ម​ឌីជីថល ប្រទេស​ជប៉ុន​, លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​លោក Jean Todt បេសកជន​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​, លោកស្រី ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង​លោក Geoffroy Roux De Bezieux ប្រធាន​សម្ព័ន្ធ​និយោជក​ហ្វ្រង់​កូហ្វូ​ន (APF)​។​

​ក្នុងជំនួប​នោះ ជា​ឱកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន និង​គោលនយោបាយ​ពាក់ព័ន្ធ​វិនិយោគ​នៅ​កម្ពុជា​ជាដើម​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ស្វះស្វែង​រក​កិច្ច​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ទាំង​នេះ​លើ​ការអភិវឌ្ឍន៍ ក៏​ដូចជា​ការវិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​វិញ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដោយផ្ទាល់​ជិត​២០​ក្រុមហ៊ុន ហើយ​ដោយ​ប្រយោល​តាម​រយៈ​វេទិកា​ធុរកិច្ច​ប្រមាណ ៨០​ក្រុមហ៊ុន​ថែមទៀត​។ ក្នុងនោះ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រហូតដល់​ទៅ​៦​ត្រូវបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា និង​បារាំង​។ អនុស្សារណៈ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​នោះ​រួមមាន​៖
១៖ អនុស្សរណៈ​យោគយល់​រវាង សភាពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​និយោជក​ហ្វ្រង់​កូហ្វូ​ន (APF)
២៖ អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន Blue Circle
៣៖ អនុស្សរណៈ​យោគយល់​រវាង អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤៖ អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥៖ អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង Platform Impact (​តំណាង​ដោយ​ក្រុមហ៊ុន Ecole 42)
៦៖ អនុស្សរណៈ​យោគយល់​រវាង LYP គ្រុប និង​ក្រុមហ៊ុន SEMMARIS

​ក្នុង​ដំណើរ​បេសកកម្ម​ការងា​រ​នៅ​អឺរ៉ុប​នាពេលនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​រៀនសូត្រ​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​។ ក្នុងជំនួប​សំណេះសំណាល​នោះ ក្រៅពី​ការសួរសុខទុក្ខ និង​បង្ហាញ​ការ​នឹករលឹក​ហើយ​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​លើក​បង្ហាញ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ថ្មី និង​សមិទ្ធផល​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​ថ្មី បាន​សម្រេច​ក្នុង​រយៈពេល​ជាង​៤​ខែ​កន្លងទៅ​នេះ​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ក្នុងពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅលើ​ទឹកដី​អឺរ៉ុប​នេះ​រួមមាន​៖
១៖ លោក Nicolas Notebaert ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ VINCI Group​។​
​ក្រុមហ៊ុន VINCI Group ជា​ក្រុមហ៊ុន ឈាន​មុខ​គេ​លើ​ការវិនិយោគ គម្រោង​សម្បទាន​នៃ​គម្រោង​ថាមពល និង​សំណង់​ផ្សេងៗ ដែល​មាន​សេវាកម្ម​ធំៗ​ចំនួន ៨ មានដូចជា​៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និង​ផ្តល់​សម្បទាន​។ VINCI Group មាន​បុគ្គលិក​សរុប ២៧២ ០០០​នាក់ និង​មាន ៧ ២៦៧​សាខា​នៅ​លើ​ពិភពលោក និង​មាន ៧៤​សាខា​នៅ​តំបន់​អាស៊ាន ដោយ​ក្នុង​នោះ ក៏​មាន​វត្តមាន​នៅ​កម្ពុជា ចំនួន ១០​ទីតាំង​ផងដែរ​។ សម្រាប់​ក្រុមហ៊ុន VINCI Airports គឺជា​បុត្រ​សម្ព័ន្ធ​របស់ VINCI Group ដែល​កំពុង​ប្រតិបត្តិការ​ជាង ៧០​អាកាសយានដ្ឋាន ក្នុង​ប្រទេស​ចំនួន ១៣​នៅ​តំបន់​អឺរ៉ុប អាស៊ី និង​អាមេរិក​។​

២៖ លោកស្រី Maud BAILLY នាយិកា​ប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ​Group ACCOR​។
Group ACCOR ជា​ក្រុមហ៊ុន​ដែល​ប្រតិបត្តិកា​រលើ​សេវាកម្ម​សណ្ឋាគារ ដែល​គ្រប់គ្រង​លើ​សណ្ឋាគារ​ចំនួន​ជាង ៤០​ម៉ាក (Brand) ទូទាំង​ពិភពលោក ក្នុងនោះ Group ACCOR ក៏​បាន​ដាក់ទុន​វិនិយោគ​ចំនួន ៩​ទីតាំង​នៅ​កម្ពុជា មាន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដូចជា​៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort​។​

៣៖ លោក Philippe DELLEUR, អនុប្រធាន​ជាន់ខ្ពស់ ក្រុមហ៊ុន Alstom​។​
​ក្រុមហ៊ុន Alstom គឺជា​ក្រុមហ៊ុន​បារាំង​ដែល​មាន​ប្រតិបត្តិការ​នៅ​ទូទាំង​ពិភពលោក ក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ការផលិត​រថភ្លើង​ល្បឿន​លឿន ផ្លូវ​រថភ្លើង រថភ្លើង​ក្រោម​ដី និង​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ រាប់​ចាប់ពី​រថភ្លើង​អគ្គិសនី​ជាដើម ដែល​ប្រកបដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។ ក្រុមហ៊ុន Alstom កំពុង​ប្រតិបត្តិការ​ការងារ នៅក្នុង​ប្រទេស​ចំនួន​៦៣ នៅ​ទូទាំង​ពិភពលោក និង​មាន​បុគ្គលិក​ប្រមាណ ៨០ ០០០​នាក់ ដែល​មាន​ចម្រុះ​ប្រមាណ ១៧៥​ជាតិ​សាសន៍​។​

៤៖ លោកស្រី Makreeta LAHTI នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស នៃ​ក្រុមហ៊ុន​អគ្គិសនី​បារាំង (Électricité de France, EDF)​។​
​ក្រុមហ៊ុន EDF គឺជា​ក្រុមហ៊ុន​រដ្ឋ​បារាំង ដែល​វិនិយោគ​ទៅលើ​វិស័យ​ថាមពល (​អគ្គិសនី​, ឧស្ម័ន​ធម្មជាតិ​) និង​មាន​អតិថិជន​ចំនួន ៤០,៣​លាន​នាក់​ទូទាំង​ពិភពលោក ដោយ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ដល់ ៤៣១,៧ TWh​។ ក្រុមហ៊ុន EDF មាន​គោលដៅ​ចម្បង ដើម្បី​កសាង​អនាគត​ថាមពល​ដែល​បញ្ចេញ​កាបូន​សូន្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយ​សន្សំសំចៃ​ភពផែនដី និង​ជំរុញ​សុខុមាលភាព ដែល​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​នូវ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​មាន​ការគិតគូរ​ខ្ពស់​ទៅ​លើ​បរិស្ថាន​បៃតង​។ ក្រុមហ៊ុន EDF មាន​ប្រតិបត្តិការ​សំខាន់ៗ​ចំនួន ៤ រួមមាន​៖ ១. ការផលិត​អគ្គិសនី ២. ការដឹកជញ្ជូន និង​ចែកចាយ​ថាមពល​អគ្គិសនី ៣. ការផ្គត់ផ្គង់​ថាមពល និង ៤. ការបង្កើន​ប្រសិទ្ធភាព និង​ការជួញដូរ​ថាមពល​អគ្គិសនី​។​

៥៖ លោក Geoffrey LADET នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PuyDuFou ប្រចាំ​ទ្វីបអាស៊ី​។​
​ក្រុមហ៊ុន PuyDuFou ជា​ក្រុមហ៊ុន​វិនិយោគ​ទៅ​លើ​ឧទ្យាន​កម្សាន្ត និង​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា ក្រោម​កិច្ចសហការ ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​បារាំង ICONEM និង​ក្រុមហ៊ុន Confluences របស់​កម្ពុជា បាននិងកំពុង​បង្កើត​គម្រោង «Immersive Angkor» ដែល​ជា​សារមន្ទីរ​និម្មិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ក្នុង​ខេត្តសៀមរាប​។​

៦៖ លោក Emmanuel Rochas នាយក​ប្រតិបត្តិ Wholesale International Group និង​ជា​តំណាង Orange Group​។​
Orange Group ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​ផ្គត់ផ្គង់​សេវា​ឌីជីថល​ឈាន​មុខ​របស់​បារាំង និង​លើ​ពិភពលោក ដែល​មាន​អតិថិជន​ចំនួន ២៦៦​លាន​នាក់ ទូទាំង​ពិភពលោក និង​មាន​បុគ្គលិក​ចំនួន ១៣៦,០០០​នាក់ ដោយ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន​២៦ ក្នុង​តំបន់​អឺរ៉ុប មជ្ឈឹម​បូព៌ា និង​អាហ្វ្រិក​។ ក្រុមហ៊ុន បាន​ធ្វើការ​ជាមួយ​ប្រតិបត្តិ​ករ​កម្ពុជា​ទាំងអស់​លើ​សេវា​អន្តរជាតិ (International Service) និង​ភាព​ជា​ដៃគូ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ​។​
​ក្រុមហ៊ុន មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Royal Group ជាពិសេស​ក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការ​ត​ភ្ជាប់​ជា​សំឡេង​អន្តរជាតិ SMS, Roaming និង Internet តាមរយៈ​ការផ្តល់​សេវា​អន្តរជាតិ​ទ្វេភាគី​។​

៧៖ លោក Patrick POUYANNÉ នាយក​ប្រតិបត្តិ ក្រុមហ៊ុន TotalEnergies​។​
​ក្រុមហ៊ុន​TotalEnergies បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ឈ្មោះ Total Cambodge នៅ​កម្ពុជា ដែល​ចែកចាយ​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ីន ហើយ​កំពុង​ប្រតិបត្តិការ​ចំនួន ៥៨​ស្ថានីយ​នៅ​រាជធានី​ភ្នំពេញ និង​ចំនួន​៤៩​ផ្សេងទៀត​នៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤​។ ក្រុមហ៊ុន បាននិងកំពុង​ប្រតិបត្តិការ​អាជីវកម្ម​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦៥​មេហ្គា​វ៉ាត់ នៅ​ខេត្ត​បាត់ដំបង និង​កំពុង​ពិចារណា​ក្នុង​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា ពិសេស ក្នុង​វិស័យ​ថាមពលខ្យល់​។​

៨៖ លោក Olivier Duguet ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Blue Circle​។​
​ក្រុមហ៊ុន Blue Circle ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ផ្តល់​ហិរញ្ញប្បទាន និង​ធ្វើ​ប្រតិបត្តិការ​គម្រោង​ថាមពល​កកើតឡើង​វិញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ក្រុមហ៊ុន Blue Circle បាន​បើក​ការិយាល័យ​ដំបូង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៥ ដោយ​ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​ខេត្តមណ្ឌលគិរី​ដើម្បី​អនុវត្តន៍​គម្រោង​ទី​មួយ របស់​ក្រុមហ៊ុន លើ​គម្រោង​ទាញ​យក​ថាមពលខ្យល់​បំ​លែង​ជាអគ្គិសនី ដែល​គ្រោង​នឹង​បើក​ដំណើរការ​ចាប់ពី​ឆ្នាំ​២០២៦​តទៅ​។​

៩៖ លោក John Serafini នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HawkEye 360 Inc ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​
HawkEye 360 គឺជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រេកង់​វិទ្យុ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥​។ ក្រុមហ៊ុន​នេះ បាន​អភិវឌ្ឍ​បណ្តាញ​លើ​លំហ​អាកាស និង​ដំណោះស្រាយ​ប្រេកង់​វិទ្យុ ដើម្បី​តាមដាន​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក​។​
​ក្រុមហ៊ុន​នេះ​បាន​បម្រើ​ដល់​ឧស្សាហកម្ម​ពាណិជ្ជកម្ម​តាម​លំហ​សមុទ្រ ការពារជាតិ និង​ទូរគមនាគមន៍ ដោយ​ដំណើរ​តាមរយៈ​ក្រុម​ផ្កាយរណប​ដើម្បី​ស្វែងរក កំណត់​លក្ខណៈ និង​កំណត់​ទីតាំង​ភូមិសាស្ត្រ យ៉ាង​ទូលំទូលាយ​នៃ​រលកសញ្ញា​ប្រេកង់​វិទ្យុ ដើម្បី​ជួយ​ដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​៕

១០៖ លោកស្រី Jane Sun នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Trip.com​។​
Trip.com Group Limited គឺជា​វេបសាយ​ធ្វើដំណើរ​មួយ​ឈាន​មុខ​គេ​លើ​ពិភពលោក ដោយ​រួម​បញ្ចូល​នូវ​កញ្ចប់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ដ៏​ទូលំទូលាយ សម្រាប់​ការធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​។​
​អ្នកទេសចរ​ទូទាំង​ពិភពលោក ក៏​អាច​កក់​សេវាកម្ម​ទេសចរណ៍ ដូចជា​សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ និង​សំបុត្រ​រថយន្ត​ជា​ដើម​នៅ​កម្ពុជា តាមរយៈ​វេបសាយ Trip.com​។ កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់​កម្ពុជា ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ភាព​ជា​ដៃគូ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ជាមួយ Trip.com ក្នុង​ការបង្កើត​អាកាសយានដ្ឋាន​ឆ្លាត​វៃ (smart airport) នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

១១៖ លោក Kuok Khoon Hong ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Wilmar International Group​។​
​ក្រុមហ៊ុន Wilmar International ជា​ក្រុមហ៊ុន​ធុរកិច្ច​លើ​វិស័យ​កសិកម្ម ដោយ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩១ នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​នាពេល​បច្ចុប្បន្ន​។​
​ក្រុមហ៊ុន​នេះ​មាន​បច្ចេកទេស​ខ្ពស់​ផ្នែក​កសិកម្ម រាប់​ចាប់ពី​ការដាំដុះ កែច្នៃ វេច​ខ្ជប់ ផ្គត់ផ្គង់ និង​ចែកចាយ​យ៉ាង​ទូលំទូលាយ ដោយ​ផលិតផល​ចម្បង​របស់​ក្រុមហ៊ុន មានដូចជា​៖ ប្រេង​ដូង ប្រេង​ធុញ្ញ​ជាតិ ម្សៅ និង​ស្ករ​ជាដើម​

១២៖ លោកស្រី Xia LI ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន Shenzhen Power Solution​។​
​ក្រុមហ៊ុន Shenzhen Power Solution គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ផលិត ផលិតផល​អំពូល​សូ​ឡា ដែល​មាន​តម្លៃ​សមរម្យ​លំដាប់​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​
១៣៖ លោក Jared Cohen ប្រធាន​ផ្នែក​កិច្ចការ​សកល នៃ​ក្រុមហ៊ុន Goldman Sachs​។​
​ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ក្នុង​ការវិនិយោគ​លើ​វិស័យ​ធនាគារ មូលប​ត្រ និង​គ្រប់គ្រង​ការវិនិយោគ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៦៩ ដោយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដ៏​ច្រើន និង​ចម្រុះ ដែល​រួមមាន​សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និង​បុគ្គល​។​

១៤៖ លោក Anthony Tan នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក ព្រមទាំង​ជា​ប្រធាន​ក្រុមហ៊ុន Grab​។​
​ក្រុមហ៊ុន Grab ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​មាន​ទីស្នាក់កា​រ​កណ្តាល នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រុមហ៊ុន Grab Holdings Ltd (Grab) គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរ​សព្ទ​ចល័ត ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​អាហារ និង​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​។ ក្រុមហ៊ុន Grab បាន​ផ្តល់​ដំណោះស្រាយ​ឌីជីថល ដោយ​សម្រួល​ដល់​ការទូទាត់ តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​អ្នកបើកបរ ដៃគូ​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​។ ក្រុមហ៊ុន Grab មាន​វត្តមាន​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និង​តំបន់​អាស៊ីអាគ្នេយ៍​។​

១៥៖ លោក John Riady នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lippo Group Indonesia​។​
​ក្រុមហ៊ុន Lippo Group មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ធ្វើ​អាជីវកម្ម​លើ​វិស័យ សំខាន់ៗ​រួមមាន​៖ អចលនទ្រព្យ ផ្សារ​លក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និង​ហិរញ្ញវត្ថុ​។​

១៦៖ លោកស្រី Mary Akinyi Olwal នាយិកា​គ្រប់គ្រង​គុណភាព និង​ការផ្គត់ផ្គង់ គ្រាប់​ធញ្ញជាតិ នៃ​ក្រុមហ៊ុន Bühler Group​។​
​ក្រុមហ៊ុន Buhler Group គឺជា​ក្រុមហ៊ុន​ប្រទេស​ស្វីស ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ១៥០​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​ចំនួន​១៤០ ជុំវិញ​ពិភពលោក​។​
​ក្រុមហ៊ុន​បាន​ផ្តោត​សំខាន់​លើ​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង ដោយ​បាន​វិវត្តន៍​នូវ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការកែច្នៃ វេច​ខ្ចប់ និង​ចែកចាយ ចំណីអាហារ​។ លើសពីនេះ ក្រុមហ៊ុន Bühler គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​លើ​បច្ចេកវិទ្យា​រថយន្ត អុប​ទិក អេឡិចត្រូនិច ការបោះពុម្ព ការ​វេច​ខ្ចប់ និង​បច្ចេកវិទ្យា​កញ្ចក់​។​
១៧៖ លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន Temasek Holdings​។​
​ក្រុមហ៊ុន Temasek Holdings ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៤ មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហ​បុរី​។ បច្ចុប្បន្ន​ក្រុមហ៊ុន បាន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ដូចជា​៖ វិស័យ​ដឹកជញ្ជូន និង​ឧស្សាហកម្ម​, វិស័យ​ហិរញ្ញវត្ថុ​, វិស័យ​ទូរគមនាគមន៍ ព័ត៌មាន​និង​បច្ចេកវិទ្យា​, វិស័យ​អចលនទ្រព្យ និង​ផលិតផល​កសិកម្ម​។​
១៨៖ លោក François GUEZ នាយក​ប្រតិបត្តិ ក្រុមហ៊ុន PL Vista​។​
PL Vista ជា​ក្រុមហ៊ុន​បារាំង ដែល​មាន​ឯកទេស​លើ​ការផ្គត់ផ្គង់​ផ្នែក​គ្រឿងសំអាង អនាម័យ និង​ការថែទាំ​គេហដ្ឋាន​។ ផលិតផល​របស់ PL Vista ត្រូវបាន​រចនា​ឡើង និង​ផលិត​នៅ​អឺរ៉ុប ដោយ​ប្រើ​ធាតុ​ផ្សំ និង​ស្តង់ដារ​អឺរ៉ុប ស្រប​តាម​ការបញ្ជាក់​យ៉ាង​ម៉ត់ចត់ ដើម្បី​ធានា​ជូន​អ្នក​ប្រើប្រាស់​នូវ​គុណភាព និង​សុវត្ថិភាព​ដែល​អតិថិជន​ចង់បាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.