– សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពិភាក្សាគ្នាផងដែរ ចំពោះលទ្ធភាពដែលបើកឱ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្ដែបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃអាចចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផងដែរ។ ប៉ុន្ដែរឿងនេះទុកលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្ដីថ្មីធ្វើសេចក្ដីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យបង្កើតឱ្យមាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសម្រាប់នីតិកាលទី៧នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ប្រមូលផ្ដុំ ធនធានមនុស្ស ធនធានខួរក្បាល ដើម្បីបន្តការអភិវឌ្ឍប្រទេស។ បន្ថែមលើនោះ ក៏ជាស្មារតីបង្រួបបង្រួមជាតិឆ្ពោះទៅរកអនាគតដ៏រុងរឿងផងដែរ ខណៈរាជរដ្ឋាភិបាលមានវេទិកាជួយយោបល់ទាំងក្នុងសភា ទាំងការងារដែលទាក់ទងជាមួយនឹងការផ្ដល់មតិសម្រាប់រាជរដ្ឋាភិបាលផ្ទាល់ដែលនាយករដ្ឋមន្រ្ដីត្រូវធ្វើការជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបណ្ដាបក្សនយោបាយអាចនឹងធ្វើការផ្ទាល់ជាមួយគ្នាក្នុងរយៈពេល ៦ខែម្ដង។



