ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិននិងលោកជំទាវ ប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សាទាំង ២៧វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន និងលោកជំទាវ សាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេពរង្សី កាញ្ញារីទ្ធ ប្រធាន កិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្រ្តីរាជការក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សាទាំង ២៧វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។
ពិធីប្រគេនទៀនវស្សា ទយ្យទាន រួមទាំងបច្ច័យ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នាសាលាឆ័ន វត្ពោធិរិទ្ធិ ហៅវត្តត្នោត ភូមិ១១ ឃុំកោះសូទិន ខេត្តកំពង់ចាម ។
ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែងតែមាន ភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល ៧ ថ្ងៃ។
បុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។
ជារួមនៅទូទាំងស្រុកកោះសូទិន មានវត្តចំនួន ២៧ ដោយក្នុង ១ វត្តៗ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងក្រុមការងារបានប្រគេននូវទៀនវស្សា ១ គូ ស្លាដក់ ១ សម្រាប់ អង្ករ ១០០ គីឡូក្រាម អង្ករដណ្តើម ៥០ គីឡូ មីជាតិ ៥ កេស ទឹកត្រី ៤ យួរ ទឹកសុីអុីវ ៤ យួរ ទឹកសុទ្ធ ៥កេស ត្រីខ ៥ យួរ ស្ករស ១០ គីឡូ ទឹកដោះគោខាប់ ១កេស ៤៨ និងបច្ច័យក្នុង ១វត្ត ៥០ មុឺនរៀល ។
ប្រគេនបច្ច័យដល់ព្រះសង្ឃ២៧ អង្គ ក្នុង ១ អង្គ ១០ មុឺនរៀល គណៈកម្មការអាចារ្យវត្ត ទាំង២៧ ដោយក្នុង១វត្ត ១០ មុឺនរៀល ។ ជាមួយគ្នានៃពិធីប្រគេនទៀនវស្សានេះដែរ ក្រុមហ៊ុនរស្មីហង្សមាស បានចូលរួមបច្ច័យ ២ ០០០ដុល្លា ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេពរង្សុី កាញារីទ្ធ បានប្រគេនបច្ច័យចំនួន ៥ ៦០០ ដុល្លា ដើម្បីចូលរួមសាងសង់សាលាឆាន់ ១ខ្នង ក្នុងវត្តពោធិរិទ្ធ ហៅវត្តត្នោត ដែលមានទំហំ ៦ ម៉ែត្រ គុណ ២០ ម៉ែត្រ ដែលត្រូវចំណាយថវិកាអស់ចំនួន ជាង ៣ មុឺនដុល្លា ៕




