ឯកឧត្តម ហ៊ុន ម៉ាណែត នឹងឡើងជានាយករដ្ឋមន្ត្រីផ្លូវការវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែសីហា ២០២៣, ពិតទេ?

លទ្ធភាពនៃការចូលកាន់មុខតំណែងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត កាន់តែសង្ខើញឡើងៗ ជាពិសេសក្នុងអន្តរកាលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ពោលគឺនាប៉ុន្មានថ្ងៃមុន និងក្រោយការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះភ្លូកទឹកភ្លឹកដីដោយទទួលបានសំឡេងឆ្នោតជាង៨៤ភាគរយ ធៀបនឹងចំនួនអ្នកទៅបោះឆ្នោតសរុប។
នៅពេលសាធារណមតិកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពកាន់តែខ្ពស់នៃការចូលកាន់មុខតំណែងនាយករដ្ឋមន្រ្តីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត, នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី សាម៉េត រហស្សនាមគ្រូមា និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ដែលមហាជនស្គាល់ថាជាហោរាទស្សន៍ទាយដ៏ល្បីល្បាញ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យឥន្ទរវិជ្ជា ដោយបញ្ជាក់ច្បាស់ៗថា ទាំងរដ្ឋសភា និងរដ្ឋាភិបាលថ្មីនឹងកើតឡើង ជាពិសេស ឯកឧត្តម ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្រ្តីនៅម៉ោង២រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣តទៅ។
ឯកឧត្តម លី សាម៉េត មានប្រសាន៍ថា«ថ្ងៃទី២៩ ខែសីហា ម៉ោង២ (រសៀល) និស្សិតបញ្ញវន្តជាន់ខ្ពស់ដែលក្មួយៗគោរពស្រលាញ់…ហ៊ុន ម៉ាណែត នឹងឡើងជានាយករដ្ឋមន្ត្ត្រីបន្តវេន បើមិនពិតទេខ្ញុំហ៊ានកាត់ក្បាលបោះឱ្យឆ្កែស៊ី»។
ចំណែកឯ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៦ និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាន់តែបង្ហើបច្បាស់ឡើងៗអំពីលទ្ធភាពនៃការចូលកាច់ចង្កូចរាជរដ្ឋាភិបាល នីតិកាលទី៧ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនសម្រាប់អនាគត។ នាប៉ុន្មានថ្ងៃ មុនបោះឆ្នោត សម្ដេចបានផ្ដល់បទសម្ភាសដល់ស្ថាប័នព័ត៌មានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយក្នុងកិច្ចសម្ភាសនោះ សម្ដេច បានថ្លែងពីការបន្តវេនរបស់កូនប្រុសដែលគណបក្សសម្រេចជាឯកច្ឆ័ន។
សម្ដេចមានប្រសាសន៍ថា«បេក្ខជននាយករដ្ឋមន្រ្តីគឺមានដល់ទៅពីរ បេក្ខជន ហ៊ុន សែន ផង! ហ៊ុន ម៉ាណែត ផង! ចាំមើលប្រជាជនបោះឆ្នោតឱ្យប៉ុន្មាន? ហើយថាមិនត្រូវនៅតែត្រឹមបីបួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយទៅជានាយករដ្ឋមន្រ្តីក៏ថាបាន»។
មកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះទៀត សម្ដេច ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តីចាំផ្ទះ បានថ្លែងជាថ្មីទៀតអំពីលទ្ធភាពនៃការចូលដឹកនាំគណៈរដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយសម្ដេចបានផ្ញើសារជូនកម្មករ កម្មការិនីអំពីលទ្ធភាពខ្ពស់ដែលពួកគេនឹងត្រូវជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត តែម្ដងនៅដើមនីតិកាលទី៧នេះ។
សម្ដេចមានប្រសាសន៍ថា«ខ្ញុំចង់ឱ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវទៅជួបក្មួយៗ កូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថាយើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្រ្តីថ្មីនឹងទៅសួរសុខទុក្ខចំពោះកម្មករ កម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្រ្តីចាស់»!។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោអគារសាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំណត់យកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការស្បថចូលកាន់មុខតំណែងរបស់សមាជិករដ្ឋសភាអាណត្តិទី៧ ហើយនៅថ្ងៃទី២៩ ខែសីហាដដែល ជាកាលបរិច្ឆេទនៃការស្បថចូលកាន់មុខតំណែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
សម្ដេចបញ្ជាក់ថា«តាមគ្រោងទុក សភានឹងត្រូវប្រជុំលើកដំបូងនៅថ្ងៃទី២៨ (ខែសីហា) ចំថ្ងៃចន្ទ អាហ្នឹងត្រូវតែជឿជាក់ខ្លះ ហើយចំថ្ងៃ១២កើត សភាប្រជុំក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ល្ងាចថ្ងៃទី២៨ សភាចូលច្បថ ថ្ងៃទី២៩បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ល្ងាចរាជរដ្ឋាភិបាលស្បថចូលកាន់មុខតំណែងបាន»។
នាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខជនតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញបានថ្លែងសារប្រកបដោយជំនឿចិត្តរួចជាស្រេចថាគណបក្សដែលមានឯកឧត្តមជាបេក្ខភាពនាយករដ្ឋមន្រ្តីដែរនោះនឹងឈ្នះការបោះឆ្នោតនេះ។
ទោះបីយ៉ាងណា សារព័ត៌មានត្រយង មិនហ៊ានវិនិច្ឆ័យនោះឡើយលើការទស្សន៍ទាយខាងលើនេះថាពិតឬមិនពិត។ តែបើពិនិត្យលើស្ថានភាពនយោបាយជាក់ស្ដែងក្ដី ការផ្ដល់បទសម្ភាសរបស់សម្ដេចនាយករដ្ឋមន្ត្រីជាមួយសារព័ត៌មានបរទេសក្ដី និងសារជាបន្តបន្ទាប់របស់សម្ដេចនាយករដ្ឋមន្ត្រី ដូចបានលើកឡើងខាងលើ នោះ នាំឱ្យការទស្សន៍ទាយថា ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្ត្រីចាប់ពីម៉ោង២រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣តទៅ ជាការដែលអាចជឿ និងទទួលយកបាន។ ថ្វីដ្បិតតែបែបនេះក្ដី សារព័ត៌មានត្រយង នៅតែប្រកាន់ពាក្យស្លោកក្នុងសមរភូមិនយោបាយ មួយឃ្លាពោលថា «ពិតដូចមិនពិត មិនពិតដូចពិត»។
ជាការកត់សម្គាល់ សារព័ត៌មានត្រយង សង្កេតឃើញថា បន្ទាប់ពីផេកលោក អ៊ុំ សំអាន ដែលមហាជនដឹងថាជារបស់លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានបង្ហោះបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី នាថ្ងៃទី ខែ ឆ្នាំ២០២៣ ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ គេពុំឃើញមេដឹកនាំប្រឆាំង មន្ត្រីជាន់ខ្ពស់ប្រឆាំង បណ្ដាប្រទេសគាំទ្រក្រុមប្រឆាំង សារព័ត៌មានប្រឆាំង សង្គមស៊ីវិល និងអ្នកវិភាគមាននិន្នាការប្រឆាំង បញ្ចេញប្រតិកម្ម ឬលើកយកមកធ្វើជាប្រធានបទវិភាគវាយប្រហារនោះឡើយ។
ផ្ទុយទៅវិញ សារព័ត៌មានត្រយង សម្គាល់ឃើញថា អ្នកតាមដាននយោបាយសង្គម មហាជនទូទៅ ពិសេសសកម្មជនតុកាហ្វេ បែរជាទន្ទឹងរង់ចាំមើលថា តើរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល ឬដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលជាកូន និងអមដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីវ័យក្មេង ជាកូនថ្នាក់ដឹកនាំទៅវិញ?
ការពិតបែបណា បើតាមសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បង្ហើបថា លោកនឹងបកស្រាយជុំវិញការរៀបចំរដ្ឋាភិបាលថ្មីនេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ហើយកាន់តែប្រាកដ មានតែរង់ចាំអ៊ុតមើល តើអាប៉ោងនឹងបើកគ្របថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលមែនទេ? ហើយបង្ហាញលទ្ធផលដូចអ្វីៗដែលយើងកំពុងជជែកគ្នាដែរឬយ៉ាងណា?



