ភ្នំពេញ៖នាពេលយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
ក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើស ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង១ និង០២នាទីរំលងអធ្រាត្រ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តសណ្ដោងរ៉ីម៉កចំណុះ១៦តោនពាក់ស្លាកលេខត្បូងឃ្មុំ3A-2321 ដឹកសត្វគោក្របីរស់ចំនួន ៤០ក្បាល មកពីប្រទេសថៃ ដែលក្រុមឈ្មួញនាំចេញតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ក្រុមការងារបានស្ទាក់ចាប់នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕




