ខេត្តសៀមរាប ៖ សកម្មភាពរថយន្តដឹកឈើរបស់លោក ទូច ចាន់ថុន ហៅ វ៉ា និងឈ្មោះ ចាន់ ណា ត្រៀមខ្លួនសម្រាប់ចេញដំណើរ និងរថយន្តដែលដឹកជញ្ជូនឈើយកមកចែកចាយតាមដេប៉ូ ក្នុងខេត្តសៀមរាប យ៉ាងមមាញឹកនោះ ត្រូវបានប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថា ព្រៃឈើនៅតាមបណ្តាស្រុកនានា កំពុងវិនាសហិនហោច កើតឡើងយ៉ាងពេញបន្ទុក ហើយអាជ្ញាធរខេត្តនិងនាយសង្កាត់ នាយខណ្ខរដ្ឋបាលព្រៃឈើខេត្តមិនចាត់វិធានការ ទប់ស្កាត់នោះទេ បែរជាបណ្តែតបណ្តោយបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកតាមតែអំពើចិត្ត ។
មួយរយៈពេលថ្មីៗនេះ គេសង្កេតឃើញថា ក្រុមឈ្មួញដែលត្រូវបានគេស្គាល់ឈ្មោះ ទូច ចាន់ថុន ហៅ វ៉ា និងឈ្មោះ ចាន់ ណា បានសំរុកដឹកឈើទាំងថ្ងៃទាំងយប់អត់កោតញញើតច្បាប់សោះឡើយ ។ ជាពិសេស ប្រជាពលរដ្ឋមួយចំនួនកំពុងតែចាញ់បោកឈ្មួញទុច្ចរិតជើងខ្លាំង ២ រូបខាងលើនេះ បានជំរុញឲ្យពួកគាត់ចូលទៅក្នុងព្រៃកាប់ឈើយកមកលក់ឲ្យពួកគេ ។ ចំណែកការដឹកជញ្ជូនរបស់ពួកគេតាមបណ្តោយផ្លូវជាតិលេខ ៦៧ ត្រូវឆ្លងកាត់ស្ថាបន័ជាច្រើនកន្លែង ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ដែលគ្រប់គ្រងដោយលោក ម៉ុង ប៊ុនលីម នាយសង្កាត់លោក សេង លន នាយរងសង្កាត់លោកទាំងពីរនេះសង្ស័យត្រូវថ្នាំសណ្តំរបស់ឈ្មួញ ទូច ចាន់ថុន ហៅវ៉ា និងឈ្មោះ ចាន់ណា អស់ទៅហើយ ទើបបានជា គ្មានទេពាក្យថាទប់ស្កាត់ចំពោះឈ្មួញទាំងពីររូបនេះ ។
ចំណែកលោក ហង្ស ជំនិតរិទ្ឋី នាយរងសង្កាត់នៅទីនេះ ពេលដែលអ្នកយកព័ត៌មានយើងសាកសួរពាក់ព័ន្ធរឿងការដឹកជញ្ជូនឈើរបស់ឈ្មួញពីររូបខាងលើនេះ លោកឆ្លើយថា លោកមិនដឹងទេ ។ ចំពោះឈ្មួញពីរូបខាងលើ ជារបស់មេលោកទេ លោកគ្មានអីពាក់ព័ន្ធទេ ។
ពាក់ព័ន្ធនឹងបញ្ហាលើកឡើងខាងលើ លោក ម៉ុង ប៊ុនលីម នាយសង្កាត់រដ្ឋបាលព្រៃឈើខាងលើ នឹងលោក សេង លន នាយរងសង្កាត់ក៏តែងតែឆ្លើយប្រាប់អ្នកយកព័ត៌មានយើងថា លោកមិនបានដឹងដោយសារជាប់រវល់ការងារ ហើយលោកមិនភ្លេចឡើ យការផ្តែផ្តាំដល់អ្នកយកព័ត៌មានថា ប្រសិនបើឃើញការដឹកជញ្ជូនរបស់ក្រុមខាងលើ ជួយឃាត់ទុកផង ។ ចំណែកលោក ទា គឹមសុទ្ធ នាយខណ្ខរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនអាចសុំការបំភ្លឺបានទេ ចំពោះករណីខាងលើនេះ ដោយសារទូរស័ព្ទចូល តែមិនទទួលពេលអ្នកយកព័ត៌មានយើងទៅទំនាក់ទំនងនៅខណ្ខរដ្ឋបាលព្រៃឈើកូនចៅលោកតែងឆ្លើយប្រាប់ថាមេរបស់គេជាប់ប្រជុំ ។
ដូច្នេះហើយសូមអាជ្ញាធរថ្នាក់លើ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រួតពិនិត្យមើលសកម្មភាពកូនចៅរបស់លោកនៅតំបន់ខាងលើនេះផង បើគ្មានការទប់ស្កាត់នោះទេ ឈ្មួញជើងខ្លាំងពីររូបខាងលើនេះនិងបានចិត្ត ហើយស្រែកថា ស្រុកខ្មែរគ្មានននរណាហ៊ានបង្ក្រាបយើងទេ ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើពីតំបន់មួយទៅតំបន់មួយទៀតយ៉ាងអនាធិតេយ្យនេះ បាននិងកំពុងតែបំផ្លាញដល់ព្រៃឈើ ដោយសារ ទូច ចាន់ថុន ហៅ វ៉ា និង ឈ្មោះ ចាន់ណានេះ ជាក់ជាមិនខានឡើយ ។ លើសពីនេះ ការដឹកជញ្ជូនរបស់ពួកគេមានការសំពីងសំពោង ដែលអាចបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដទៃ ដែលធ្វើដំណើរតាមដងផ្លូវខ្លាំងណាស់ ។
គួររំលឹកផងដែលថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ រថយន្តរបស់ពួកគេបានក្រឡាប់ បណ្តាលឲ្យស្លាប់កម្មករលើកឈើម្នាក់នៅចំណុចអូរបែកតាប់ អ្នកស្លាប់មានឈ្មោះ ភោគ ផៃ មានអាយុ៤០ឆ្នាំ រស់នៅភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាប ។
ជុំវិញការដឹកជញ្ជូនឈើនេះដែរ ភ្ញៀវទេសចរដែលបានចូលមកទស្សនាប្រាសាទនានាក្នុងក្រុងសៀមរាបក៏បានរិះគន់ផងដែរថា គួរតែនាំគ្នាការពារព្រៃឈើ បែរជាបណ្តែតបណ្តោយឲ្យឈ្មួញដឹកឈើបានម៉ាសេរីក្នុងទឹកដីអង្គរទៅនេះ ប្រហែលជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរខេត្តសៀមរាបបានទទួលលាភសក្ការៈប្រចាំខែពីឈ្មួញ ទូច ចាន់ថុន ហៅ វ៉ា និងឈ្មោះ ចាន់ណា ហើយមើលទៅ បានជាសំងំបាត់ឲ្យឈឹងដូចចោរលួចសេះ ។ ដូច្នេះសូម ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយត្រួតពិនិត្យមើលមន្ត្រីព្រៃឈើនៅខេត្តសៀមរាបផងទាន ៕
ដោយ លុច ណាម




